ក្រុមហ៊ុនផលិតរថយន្ត Opel ដែលជាផ្នែកមួយនៃក្រុម Stellantis បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ថា ខ្លួននឹងបិទរោងចក្រមួយរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ រហូតដល់យ៉ាងហោចណាស់ដល់ដាច់ឆ្នាំនេះ ដោយសារកង្វះបន្ទះឈីប។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការផលិតនៅរោងចក្រ Eisenach ដែលបង្កើតម៉ាស៊ីនចំហេះខាងក្នុង និងរថយន្ត Hybrid របស់ក្រុមហ៊ុនខាងលើ គួរតែអាចចាប់ផ្តើមម្តងទៀត នៅឆ្នាំ ២០២២ ទោះបីជាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Opel មិនអាចបញ្ជាក់កាលបរិច្ឆេទជាក់លាក់បានក៏ដោយ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Opel បាននិយាយថា កម្មករចំនួន ១ ៣០០ នាក់ ដែលធ្វើការនៅរោងចក្រនោះ នឹងត្រូវបញ្ឈប់ជាបណ្តោះអាសន្ន ទៀតផង។
គួរឲ្យដឹងថា ក្រុមហ៊ុន Stellantis បានបញ្ឈប់ការផលិតនៅរោងចក្រជាច្រើនផ្សេងទៀត រួមទាំងនៅអឺរ៉ុប និងកាណាដា ដោយព្យាករណ៍ថា វានឹងធ្វើឲ្យយានយន្តមានចំនួនតិចជាងមុន ១,៤ លានគ្រឿងនៅឆ្នាំនេះ ដោយសារកង្វះបន្ទះឈីប៕