ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp បានយកឈ្នះក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors Co នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំ ២០២១ ដោយសារក្រុមហ៊ុន General Motors បានប្រឈមមុខនឹងបញ្ហាផលិតកម្ម ដែលបណ្តាលមកពីកង្វះបន្ទះឈីប។
ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំនេះ ក្រុមហ៊ុន Toyota បានលក់រថយន្តសរុបចំនួន ១,៨៦ លានគ្រឿង បើប្រៀបធៀបទៅនឹង ១,៧៨ លានគ្រឿងរបស់ក្រុមហ៊ុន General Motors។
គួរឲ្យដឹងថា ក្រុមហ៊ុន General Motors តែងតែជាអ្នកលក់រថយន្តធំជាងគេនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ១៩៣១។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន General Motors បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិបន្ទះឈីប ប៉ុន្តែវាបាននិយាយថាចាប់ពីសប្តាហ៍ក្រោយទៅ រោងចក្រអាមេរិកខាងជើងភាគច្រើនរបស់វា នឹងដំណើរការផលិតកម្មធម្មតាឡើងវិញ។
Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅលើពិភពលោក បាននិយាយថា ការលក់នៅអាមេរិកបានកើនឡើង ១,៤ ភាគរយ ដល់ ៥៦៦,០០៥ គ្រឿងនៅត្រីមាសនេះ និងកើនឡើង ២៧,៩ ភាគរយ ក្នុងរយៈពេល ៩ ខែដំបូង៕