យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Walt Disney និងតារាស្រី Scarlett Johansson បានសម្រេចចិត្តបញ្ចប់វិវាទផ្លូវច្បាប់ជាផ្លូវការ ជុំវិញការចេញផ្សាយខ្សែភាពយន្ត Black Widow។
គួររំលឹកឲ្យដឹងថា តារាស្រី Johansson បានប្តឹងក្រុមហ៊ុន Disney កាលពី ២ខែមុន ដោយចោទប្រកាន់ថា បានរំលោភកិច្ចសន្យារបស់នាង ដោយបានចាក់ផ្សាយខ្សែភាពយន្ត Black Widow នៅលើសេវាកម្មស្ទ្រីម Disney+ របស់ខ្លួន ខណៈពេលដែលវាកំពុងបញ្ចាំងនៅក្នុងរោងកុន។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរវាង Disney និង Johansson មិនត្រូវបានបង្ហាញនោះទេ។
លោក Alan Bergman ប្រធានផ្នែកមាតិកានៃ Disney Studios បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរីករាយណាស់ដែលយើងអាចឈានដល់កិច្ចព្រមព្រៀងរួមគ្នា ជាមួយ Scarlett Johansson ទាក់ទងនឹងខ្សែភាពយន្ត Black Widow”។
លោកបានបន្ថែមថា “យើងកោតសរសើរចំពោះការរួមចំណែករបស់នាងចំពោះ Marvel Cinematic Universe ហើយទន្ទឹងរង់ចាំធ្វើការរួមគ្នាលើគម្រោងមួយចំនួននាពេលខាងមុខ រួមទាំង ខ្សែភាពយន្ត Tower of Terror របស់ Disney ផងដែរ”៕