យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន TikTok មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១ ពាន់លាននាក់ នៅទូទាំងពិភពលោក ដែលជាការកើនឡើង ៤៥ ភាគរយ ចាប់តាំងពីខែកក្កដាឆ្នាំ ២០២០ មក។
ក្រុមហ៊ុនបណ្តាញសង្គមដែលផ្តោតខ្លាំងលើវីដេអូខាងលើ បាននិយាយថា សហរដ្ឋអាមេរិក អឺរ៉ុប ប្រេស៊ីល និងអាស៊ីអាគ្នេយ៍ គឺជាទីផ្សារធំបំផុតសម្រាប់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន TikTok បានជួបប្រទះនូវការកើនឡើងនៃអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅសហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតក៏ដោយ។
សូមបញ្ជាក់ថា កាលពីមុន ក្រុមហ៊ុនខាងលើបាននិយាយថា ខ្លួនមានអ្នកប្រើប្រាស់ទូទាំងពិភពលោក ប្រមាណ ៥៥ លាននាក់គិតត្រឹមខែមករាឆ្នាំ ២០១៨។ ចំនួននេះកើនឡើងដល់ជាង ២៧១ លាននាក់ ត្រឹមខែធ្នូ ឆ្នាំ ២០១៨, ៥០៨ លាននាក់ នៅខែធ្នូ ឆ្នាំ ២០១៩ និង ៦៨៩ លាននាក់ នៅត្រឹមខែកក្កដា ឆ្នាំ ២០២០៕