ក្រុមហ៊ុន Fordបានប្រកាសពីការវិនិយោគដ៏ធំមួយនៅក្នុងការផលិតរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក ដោយសន្យាថានឹងសាងសង់រោងចក្រធំបំផុតមិនធ្លាប់មានរបស់ខ្លួន នៅរដ្ឋ Tennessee និងចំណតសាកអាគុយចំនួនពីរ នៅរដ្ឋ Kentucky ទៀតផង។
នៅក្រោមផែនការតម្លៃ ១១,៤ ពាន់លានដុល្លារនោះ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើបាននិយាយថា ខ្លួននឹងបង្កើតរថយន្តដឹកអ្នកដំណើរ និងភីកអាប់ដែលគ្មានការបំភាយឧស្ម័នពុល សម្រាប់អតិថិជនអាមេរិក។ ក្នុងនោះវាក៏នឹងបង្កើតការងារចំនួន ១១ ០០០ កន្លែងថែមទៀតផងដែរ។
ក្រុមហ៊ុន Ford សង្ឃឹមថា ប្រហែលពាក់កណ្តាលនៃរថយន្តដែលខ្លួនលក់ នៅឆ្នាំ ២០៣០ នឹងគ្មានការបំភាយឧស្ម័នពុលឡើយ។
លោក Jim Farley ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាពេលវេលារបស់យើង ដែលជាការវិនិយោគធំបំផុតរបស់យើង ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់អាមេរិក”៕