រដ្ឋាភិបាលអង់គ្លេសនឹងណែនាំច្បាប់ នៅឆ្នាំ ២០២១ នេះ ដែលនឹងតម្រូវឲ្យគេហដ្ឋាន និងការិយាល័យ ដែលទើបសាងសង់ថ្មីទាំងអស់ បំពាក់កន្លែងសាកភ្លើងរថយន្តអគ្គិសនី។
ជាពិសេស គេហដ្ឋាន និងការិយាល័យថ្មីទាំងអស់ នឹងត្រូវបំពាក់នូវឧបករណ៍សាកភ្លើង “វៃឆ្លាត” ដែលអាចសាករថយន្តដោយស្វ័យប្រវត្តិក្នុងអំឡុងពេលសម្រាក។ មិនតែប៉ុណ្ណោះ ការិយាល័យថ្មីនឹងត្រូវការតំឡើងកន្លែងសាកភ្លើងមួយ សម្រាប់រាល់ចំណតរថយន្តចំនួន ៥។
គួរឲ្យដឹងថា ច្បាប់ថ្មីនេះនឹងធ្វើឲ្យអង់គ្លេស ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលតម្រូវឲ្យផ្ទះថ្មីទាំងអស់ត្រូវមានកន្លែងសាកភ្លើងរថយន្តអគ្គិសនី។ ជាមួយគ្នានេះ វាក៏នឹងជួយបង្កើនទំនុកចិត្តក្នុងការផ្លាស់ប្តូរពីរថយន្តប្រើសាំង មកប្រើរថយន្តអគ្គិសនីវិញផងដែរ។
យ៉ាងណាមិញ សំណើខាងលើនេះគឺជាផ្នែកមួយនៃចលនាដើម្បីបង្កើនចំនួនកន្លែងសាកភ្លើងរថយន្តអគ្គិសនី នៅទូទាំងប្រទេសអង់គ្លេស ឲ្យបានយ៉ាងឆាប់រហ័ស មុនពេលចក្រភពអង់គ្លេសហាមឃាត់មិនឲ្យប្រើប្រាស់រថយន្តប្រើប្រេងឥន្ធនៈថ្មី នៅឆ្នាំ ២០៣០៕