យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិនបានបញ្ឈប់ការនាំចូលផ្លែស្រកានាគពីប្រទេសវៀតណាមជាបណ្តោះអាសន្នតាមរយៈស្ពានអណ្តែតទឹកមួយ នៅទីក្រុង Dongxing City បន្ទាប់ពីបានរកឃើញវីរុសកូរ៉ូណាថ្មីលើការវេចខ្ចប់។
ការផ្អាកនេះបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកញ្ញា ហើយនឹងត្រូវបានលើកដោយស្វ័យប្រវត្តិ នៅថ្ងៃទី២១ ខែកញ្ញា ប្រសិនបើគ្មានហានិភ័យថ្មីនៃជំងឺកូវីដ១៩ ត្រូវបានរកឃើញទេ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
គួរឲ្យដឹងថា ស្ពានអណ្តែតទឹក Dongxing តភ្ជាប់ទីក្រុង Dongxing City របស់ប្រទេសចិន ជាមួយខេត្ត Quang Ninh Province ប្រទេសវៀតណាម។
ជាមួយគ្នានេះ ប្រទេសចិននឹងអនុវត្តការផ្អាកមួយសប្តាហ៍ដូចគ្នា ចំពោះផលិតផលផ្សេងទៀតដែលផ្ទុកវីរុស។ ការផ្អាករយៈពេល ៤ សប្តាហ៍នឹងត្រូវអនុវត្ត ប្រសិនបើផលិតផលត្រូវបានរកឃើញថា មានផ្ទុកមេរោគនៅក្នុងឱកាស ៣ លើកផ្សេងគ្នា។
គួរឲ្យដឹងថា ក្រសួងពាណិជ្ជកម្មវៀតណាមបានបញ្ជាឲ្យអាជីវកម្មពិនិត្យឡើងវិញ នូវដំណើរការប្រមូលផល និងវេចខ្ចប់របស់ពួកគេដើម្បីចៀសវាងឧបទ្ទវហេតុស្រដៀងគ្នានេះ។
ប្រទេសចិនដែលជាទីផ្សារនាំចេញធំបំផុតទី ២ របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក បានរឹតបន្តឹងការនាំចូលផលិតផលវៀតណាម ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែប្រទេសនេះកំពុងទប់ទល់នឹងរលកកូវីដ១៩ ទី៤ របស់ខ្លួន៕