ក្រុមហ៊ុន Nissan Motor Thailand នៅប្រទេសថៃ មានបំណងបង្កើនការលក់នាំចេញរបស់ខ្លួន ខណៈពេលដែលទីផ្សារក្នុងស្រុកនៅតែបន្តទទួលរងពីការជាប់គាំង ដោយសារជំងឺកូវីដ១៩។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើរំពឹងថា ការលក់រថយន្តក្នុងស្រុកនឹងធ្លាក់ចុះ នៅឆមាសទីពីរក្នុងឆ្នាំ ២០២១ នេះ។
សម្រាប់ឆ្នាំសារពើពន្ធ ២០២០ (ពីខែមេសា ២០២០ ដល់មីនា ២០២១) ក្រុមហ៊ុន Nissan បានកត់ត្រាការលក់រថយន្តក្នុងស្រុកចំនួន ៣៩ ៦០០ គ្រឿង ដែលស្មើនឹងចំណែកទីផ្សារ ៥%។
លោក Isao Sekiguchi ប្រធានក្រុមហ៊ុន Nissan Motor Thailand បាននិយាយថា ក្រុមហ៊ុនមានគម្រោងលក់រថយន្តបន្ថែមទៀតនៅបរទេស ស្របតាមការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ហើយវានឹងផ្តោតលើទីផ្សារដែលមានសក្តានុពលខ្ពស់ដូចជាមជ្ឈឹមបូព៌ាជាដើម។
លោក Sekiguchi បានមានប្រសាសន៍ថា “ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានប៉ះពាល់ដល់ប្រទេសជាច្រើន រួមទាំងនៅអាស៊ាន និងជប៉ុនផងដែរ។ ប្រទេសថៃបានដាក់ចេញវិធានការបិទខ្ទប់ប្រទេសឡើងវិញ ទោះបីជាវាធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ”។
គួរឲ្យដឹងថា រដ្ឋាភិបាលថៃនាពេលថ្មីៗនេះបានសម្រេចចិត្តពន្យាពេលនៃការបិទខ្ទប់ប្រទេសថែមទៀត ហើយពង្រីកវាទៅ ២៩ ខេត្តរួមទាំងទីក្រុងបាងកកផងដែរ៕