ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធរបស់កាណាដា សម្រាប់តំបន់ Southern Ontario (FedDev Ontario) កំពុងតែធ្វើការវិនិយោគលុយចំនួន ៥ លានដុល្លារកាណាដា (៣,៩ លានដុល្លារអាមេរិក) នៅក្នុងគម្រោង Project Arrow ដែលជាគំរូរថយន្តអគ្គិសនីដំបូងគេ រចនា និងផលិតនៅកាណាដា។
ការវិនិយោគរួមជាមួយទឹកប្រាក់ចំនួន ៦,៦ លានដុល្លារកាណាដា (៥,២ លានដុល្លារអាមេរិក) មួយផ្សេងទៀតនេះ នឹងនាំឱ្យមានការបង្កើតគំរូរថយន្តមួយ និងនិម្មិត ២គ្រឿង ដើម្បីជួយធ្វើតេស្ត និងធ្វើឱ្យមានសុពលភាព នូវបច្ចេកវិទ្យាដែលផ្តល់ថាមពលឲ្យវា។
លុយវិនិយោគទាំងនោះនឹងត្រូវបានគ្រប់គ្រងដោយសមាគមអ្នកផលិតគ្រឿងបន្លាស់រថយន្ត (APMA) ដែលតំណាងឱ្យ ៩០% នៃក្រុមហ៊ុនផលិតគ្រឿងបន្លាស់យានយន្តឯករាជ្យទាំងអស់នៅក្នុងប្រទេសកាណាដា។
លោក Flavio Volpe ប្រធាន APMA បានមានប្រសាសន៍ថា “គម្រោងនេះកំពុងគូសបញ្ជាក់ពីក្រុមហ៊ុនបច្ចេកវិជ្ជាជឿនលឿនរាប់រយនៅជុំវិញពិភពលោក ហើយនឹងបម្រើដល់យើងសម្រាប់ភាពជាអ្នកដឹកនាំជំនាន់ក្រោយ ក្នុងផ្នែករថយន្តអគ្គិសនីចល័តគ្មានការបំភាយឧស្ម័នពុលនៅកាណាដា” ។
គួរឲ្យដឹងដែរថា ទីភ្នាក់ងារនេះមានគម្រោងប្រមូលសមាជិករបស់ខ្លួនទាំងអស់មកធ្វើការរឌីហ្សាញ, វិស្វករ និងបង្កើតគម្រោង Project Arrow ជាមួយគ្នាតែម្តង៕