ក្រុមហ៊ុន Adidas កំពុងតែទទួលរងផលប៉ះពាល់នៃការធ្វើពហិការរបស់ជនជាតិចិន លើយីហោលោកខាងលិច ហើយត្រូវបិទរោងចក្រនៅវៀតណាមទៀតផង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ខាងលើ នៅតែបង្កើនចក្ខុវិស័យរបស់ខ្លួនសម្រាប់ការលក់និងប្រាក់ចំណេញពេញមួយឆ្នាំ ខណៈ Adidas បាននិយាយថា ខ្លួនបានឃើញតម្រូវការងើបឡើងវិញនៅក្នុងប្រទេសចិនចាប់តាំងពីមានការអំពាវនាវឱ្យធ្វើពហិការនៅចុងខែមីនា ហើយបាននិយាយថា ខ្លួនសង្ឃឹមថានឹងស្តារផលិតកម្មនៅវៀតណាមក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែភាគហ៊ុនរបស់ Adidas បានធ្លាក់ចុះ ៤,១ ភាគរយ ហើយកំណើនរបស់វាកំពុងធ្លាក់ចុះ បើប្រៀបធៀបជាមួយនឹងគូប្រជែង Nike និង Puma ដែលពួកគេបានរាយការណ៍ពីការលក់ជិតទ្វេដង នៅក្នុងការចេញផ្សាយប្រាក់ចំណូលនាពេលថ្មីៗនេះ។
សូមបញ្ជាក់ថា ការលក់នៅត្រីមាសទី ២ របស់ Adidas បានកើនឡើង ៥២ ភាគរយ ដល់ ៦ ពាន់លានដុល្លារ ខណៈប្រាក់ចំណេញប្រតិបត្តិការមានចំនួន ៦៣៨ លានដុល្លារ។ ជាមួយគ្នានេះដែរ Adidas បានបង្កើនចក្ខុវិស័យឆ្នាំ ២០២១ របស់ខ្លួន ដើម្បីព្យាករណ៍ថាការលក់នឹងកើនឡើងរហូតដល់ ២០ ភាគរយ ហើយប្រាក់ចំណូលសុទ្ធពីប្រតិបត្តិការបន្តនឹងឈានដល់ ១,៦ ទៅ ១,៧ ពាន់លានដុល្លារទៀតផង៕