ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា នេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគ ២,២ ទ្រីលានវ៉ុន (១,៩ ពាន់លានដុល្លារ) ដើម្បីក្លាយជាអ្នកផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ធំបំផុតទាំង ៥ របស់ពិភពលោក នៅឆ្នាំ ២០២៥។
ការកត់សម្គាល់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ដែលបង្កើតឡើងដើម្បីរិះរកវិធីជំរុញការផលិតវ៉ាក់សាំង ចំពេលការផ្គត់ផ្គង់និងការដឹកជញ្ជូនជុំវិញពិភពលោកមានការយឺតយ៉ាវ។
លោក មូន បាននិយាយថា លោកនឹងកំណត់វ៉ាក់សាំងកូវីដ១៩ ជាបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយក្នុងចំណោមបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិចំនួន ៣ រួមជាមួយឧបករណ៍អេឡិចត្រូនិក (semiconductors) និងអាគុយ ក្នុងគោលបំណងបង្កើនការវិនិយោគ, កាត់បន្ថយពន្ធ និងផ្តល់ការលើកទឹកចិត្តផ្សេងទៀត ដើម្បីជួយដល់ការធ្វើមូលដ្ឋានីយកម្មសម្ភារៈ គ្រឿងបន្លាស់ និងឧបករណ៍។
លោក មូន បានប្រាប់អង្គប្រជុំថា “យើងនឹងខិតខំបោះជំហានទៅមុខដើម្បីក្លាយជាអ្នកផលិតវ៉ាក់សាំងកំពូលទាំង ៥ នៅលើពិភពលោក នៅឆ្នាំ ២០២៥”។ លោកបានមានប្រសាសន៍ទៀតថា គម្រោងនេះមានគោលបំណងចិញ្ចឹមបីបាច់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្តថ្មី ប្រហែល ២០០ នាក់,អ្នកជំនាញខាងព្យាបាលរោគ ចំនួន ១០ ០០០ នាក់ និងបុគ្គលិកផលិតកម្មជីវៈ ចំនួន ២ ០០០ នាក់ជារៀងរាល់ឆ្នាំ៕