សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបាននិយាយនៅថ្ងៃពុធកន្លងទៅនេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ កំពុងតែស្វែងរកប្រាក់កម្ចីដែលមានការប្រាក់ទាបពីរដ្ឋាភិបាល ចំនួន ៥ ពាន់លានបាត ដើម្បីជួយពួកគេពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។
ក្រុមហ៊ុនអាកាសចរណ៍ទាំង ៧ ខាងលើ ដំបូងឡើយបានស្នើសុំប្រាក់កម្ចីទន់ចំនួន ២៥,៣ ពាន់លានបាត ប៉ុន្តែមិនបានទទួលការគាំទ្រពីរដ្ឋាភិបាលនោះទេ។
ប្រធានសមាគមអាកាសចរណ៍ថៃ លោក Puttipong Prasarttong-Osoth បានប្រាប់អ្នកយកព័ត៌មានថា “យើងបានកាត់បន្ថយសំណើពីឆ្នាំមុន ហើយថវិកាចំនួន ៥ ពាន់លានបាតនឹងគ្របដណ្តប់តែផ្នែកការងារ ហើយមិនរាប់បញ្ចូលការជួល ឥន្ធនៈយន្តហោះ និងការចំណាយផ្សេងទៀតនោះទេ”។
គួរឲ្យដឹងថា សំណើចុងក្រោយគឺប្រហែលមួយភាគប្រាំនៃចំនួនទឹកប្រាក់ដែលក្រុមនេះបានស្នើសុំពីមុន។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយថា រាល់សំណើផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីជំងឺរាតត្បាតពីអាជីវកម្មណាមួយនៅក្នុងប្រទេសថៃ នឹងត្រូវពិចារណា និងវាយតម្លៃសម្រាប់លទ្ធភាពជោគជ័យ។
សូមបញ្ជាក់ថា វិស័យធ្វើដំណើរ និងទេសចរណ៍ បានរងគ្រោះយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩៕