ក្រុមហ៊ុន Netflix បានបញ្ជាក់ថា វានឹងរួមបញ្ចូលហ្គេមវីដេអូបន្ថែមដល់អ្នកប្រើប្រាស់ ដែលជាផ្នែកមួយនៃកញ្ចប់ subscription packages ដោយមិនគិតថ្លៃ។
នៅក្នុងលិខិតមួយទៅកាន់ក្រុមវិនិយោគិន ក្រុមហ៊ុន Netflix បាននិយាយថា វាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការពង្រីកចូលទៅក្នុងផ្នែកហ្គេម ហើយហ្គេមទូរសព្ទដៃនឹងត្រូវបញ្ចូលទៅក្នុងវេទិកាជាមុនសិន។
ក្រុមហ៊ុនខាងលើបានឲ្យដឹងថា “ដល់ពេលវេលាដើម្បីស្វែងយល់បន្ថែមអំពី ថាតើសមាជិករបស់យើងឲ្យតម្លៃលើហ្គេមយ៉ាងដូចម្តេចហើយ”។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាខាងលើនេះ បាននិយាយថា ខ្លួនរំពឹងថានឹងមានការចុះឈ្មោះអតិថិជនថ្មីចំនួន ៣,៥ លាននាក់ ក្នុងរយៈពេល ៣ ខែ ដល់ចុងខែកញ្ញា ដែលតិចជាងការប៉ាន់ស្មានរបស់អ្នកវិភាគ៕