ក្រុមហ៊ុន Global Power Synergy Plc (GPSC) ដែលជាក្រុមហ៊ុនផលិតថាមពលរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ប្រទេសថៃ PTT Group បានចំណាយប្រាក់ចំនួន ១៤,៨២ ពាន់លានបាត ដើម្បីទិញយកភាគហ៊ុនចំនួន ៤១,៦ ភាគរយ នៅក្នុងក្រុមហ៊ុន Avaada Energy Private Co (Avaada) ដែលជាក្រុមហ៊ុនថាមពលកកើតឡើងវិញឈានមុខគេមួយរបស់ឥណ្ឌា។
ក្រុមហ៊ុន GPSC បានវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Global Renewable Synergy Co (GRSC) ដោយបានបញ្ចប់ការទិញយកភាគហ៊ុន ៤១,៦ ភាគរយ ស្មើនឹងការកាន់កាប់ថាមពលពន្លឺព្រះអាទិត្យប្រមាណ ៣ ៧៤៤ មេហ្គាវ៉ាត់។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានពង្រីកសមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ក្រុមហ៊ុន GRSC ស្របតាមគោលដៅថាមពលកកើតឡើងវិញសរុប ៨ ០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០។
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន PTT លោក Auttapol Rerkpiboon បាននិយាយកាលពីថ្ងៃពុធថា ភាពជាដៃគូនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន PTT Group ចំពោះអាជីវកម្មប្រកបដោយនិរន្តរភាព ស្របតាមនិន្នាការផ្លាស់ប្តូរថាមពល ឆ្ពោះទៅរកការមិនបំភាយកាបូនសុទ្ធ (zero carbon emissions)៕