យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនដឹកម្ហូបអាហារ Zomato ដែលជាក្រុមហ៊ុន start-up ធំបំផុតមួយរបស់ឥណ្ឌា បានបោះផ្សាយលក់មូលបត្រជាសាធារណៈ (initial public offering) របស់ខ្លួន បានតម្លៃសរុប ១,២ ពាន់លានដុល្លារ។
ក្រុមហ៊ុនខាងលើបានរៃអង្គាសប្រាក់បាន ៥៦២,៣ លានដុល្លារពីវិនិយោគិន ខណៈពេលដែលពួកគេដេញថ្លៃភាគហ៊ុនបានច្រើនជាង ៣៥ ដង លើសពីអ្វីដែលបានគ្រោងទុក មុនការលក់មូលបត្រជាសាធារណៈនេះ។
គួរឲ្យដឹងថា Zomato ដែលគាំទ្រដោយក្រុមហ៊ុន Ant Group របស់លោក Jack Ma គឺជាក្រុមហ៊ុន start-up បែបឌីជីថលដំបូងគេរបស់ប្រទេសឥណ្ឌា ក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) បានច្រើនលើសការរំពឹងទុក។
សូមបញ្ជាក់ថា Zomato បានបោះផ្សាយលក់មូលបត្រជាសាធារណៈក្នុងតម្លៃពី ៧២ ទៅ ៧៦ រូពីក្នុងមួយភាគហ៊ុន ហើយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យតម្លៃខ្លួនរបស់ក្រុមហ៊ុនកើនដល់ ៩ ពាន់លានដុល្លារឯណោះ៕