យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ធនាគារពាណិជ្ជកម្មចំនួន ១៦ នៅក្នុងប្រទេសវៀតណាម បានយល់ព្រមកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីដែលមានស្រាប់ របស់អាជីវកម្មដែលរងការវាយប្រហារដោយកូវីដ១៩ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។
ធនាគារទាំងនោះរួមមានទាំង Vietcombank, Vietinbank, BIDV, Agribank, Techcombank, MB, VPBank, TPBank និង Sacombank ផងដែរ។
លោក Nguyen Quoc Hung អគ្គលេខាធិការនៃសមាគមធនាគារវៀតណាម បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទថា ការបន្ទាបអត្រាការប្រាក់គឺពិបាក ប៉ុន្តែពេលនេះជាពេលវេលាដែលធនាគារត្រូវចែករំលែកបន្ទុកជាមួយអាជីវកម្ម។
គួរឲ្យដឹងថា ធនាគារ Agribank ប្តេជ្ញាចិត្តកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ខ្លួនមួយភាគរយជាមធ្យម ខណៈពេលដែល ធនាគារ MB និងធនាគារជាច្រើនផ្សេងទៀត នឹងធ្វើដូច្នេះដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់អាជីវកម្មទាំងអស់នឹងមានសិទ្ធិទទួលបានការកាត់បន្ថយនេះទេ។ មេដឹកនាំធនាគារបាននិយាយថា ពួកគេនឹងផ្តោតតែលើក្រុមហ៊ុនដែលពិតជាទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ ប៉ុណ្ណោះ៕