យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សឥណ្ឌា Flipkart ប្រមូលប្រាក់បាន ៣,៦ពាន់លានដុល្លារបន្ថែមទៀត មុនការបង្ហាញខ្លួននៅលើទីផ្សារភាគហ៊ុន។
ក្រុមហ៊ុនដែលគាំទ្រដោយក្រុមហ៊ុន Walmart ខាងលើបាននិយាយថា ខ្លួននឹងប្រើលុយនេះដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន និងវិនិយោគបន្ថែមទៀតលើសេវាកម្មគ្រឿងទេស ម៉ូដសំលៀកបំពាក់ និងសេវាកម្មដឹកជញ្ជូន។
គួរឲ្យដឹងថា ការប្រមូលប្រាក់ចុងក្រោយនេះ បានបង្កើនតម្លៃខ្លួនរបស់ក្រុមហ៊ុន Flipkart ដល់ ៣៧,៦ ពាន់លានដុល្លារឯណោះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Flipkart លោក Kalyan Krishnamurthy បាននិយាយថា មូលនិធិថ្មីនេះនឹងគាំទ្រដល់ផែនការពង្រីកខ្លួនរបស់ក្រុមហ៊ុន។ “យើងនឹងផ្តោតលើការពន្លឿនកំណើន សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមរបស់ឥណ្ឌារាប់លានកន្លែង”។ នេះបើតាមសម្តីរបស់លោក Krishnamurthy។
លោក Krishnamurthy បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថា “យើងនឹងបន្តវិនិយោគលើប្រភេទថ្មី និងបច្ចេកវិទ្យាដែលផលិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីផ្លាស់ប្តូរបទពិសោធន៍អ្នកប្រើប្រាស់ និងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់លំដាប់ពិភពលោក”៕