យោងតាមមន្ត្រីឧស្សាហកម្មប្រទេសឥណ្ឌាបានប្រាប់ឲ្យដឹងថា តម្លៃប្រេងដូងនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជាង ៦ ភាគរយ សូម្បីតែបន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូល ខណៈដែលតម្លៃរបស់វានៅក្រៅប្រទេសបានកើនឡើង ដោយរំពឹងថានឹងមានតម្រូវការខ្លាំងពីអ្នកទិញធំបំផុតរបស់ពិភពលោកនេះ។
តម្លៃប្រេងដូងខ្ពស់អាចធ្វើឲ្យប៉ះពាល់ដល់តម្រូវការរបស់ឥណ្ឌា និងអាចជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការកាត់ពន្ធលើការនាំចូលបន្តទៀត។ លោក B.V. Mehta នាយកប្រតិបត្តិនៃសមាគមអ្នកចម្រាញ់ប្រេងរុក្ខជាតិឥណ្ឌា (SEA) បាននិយាយថា “នៅពេលឥណ្ឌាកាត់បន្ថយពន្ធ អ្នកផ្គត់ផ្គង់អន្តរជាតិចាប់ផ្តើមដំឡើងថ្លៃភ្លាម”។
“រាល់ពេលដែលប្រទេសឥណ្ឌាកាត់បន្ថយកាតព្វកិច្ចពន្ធ ទីផ្សារអន្តរជាតិនឹងកើនឡើង។ មួយផ្នែកនៃអត្ថប្រយោជន៍កាត់បន្ថយពន្ធ ត្រូវបានស្រូបយកដោយអ្នកផ្គត់ផ្គង់ ហើយអតិថិជនឥណ្ឌាទទួលបានអ្វីដែលនៅសេសសល់។ ប៉ុន្តែពេលនេះអតិថិជនឥណ្ឌាមិនទទួលបានអត្ថប្រយោជន៍អ្វីឡើយ”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Mehta។
គួរឲ្យដឹងថា ការចំណាយលើប្រេងដូងឆៅនៅប្រទេសឥណ្ឌា បានកើនឡើងដល់ ១ ០៨៥ ដុល្លារក្នុងមួយតោន ពី ១ ០២០ ដុល្លារក្នុងមួយតោន នៅថ្ងៃទី ២៩ ខែមិថុនា។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយ SEA។ ក្នុងអំឡុងពេលនេះ តម្លៃប្រេងដូងចម្រាញ់បានឡើងដល់ ១ ០៥៥ ដុល្លារក្នុងមួយតោន ពី ១ ០២០ ដុល្លារក្នុងមួយតោន៕