យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យាធំបំផុតនៅលើពិភពលោកចំនួន ២ កំពុងទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១០លានដូសសម្រាប់តៃវ៉ាន់។
ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលផលិតឧបករណ៍សម្រាប់ Apple និងក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានចុះកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំង BioNTech ចំនួន ១០លានដូស ដែលមានតម្លៃ ៣៥០ លានដុល្លារ។
គួរឲ្យដឹងថា តៃវ៉ាន់ បានព្យាយាមអស់រយៈពេលជាច្រើនខែមកហើយដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ហើយក៏បានស្តីបន្ទោសប្រទេសចិនដែរ ចំពោះការរារាំងកិច្ចព្រមព្រៀងនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនដែលអះអាងថា តៃវ៉ាន់ជាកោះរបស់ខ្លួន បានបដិសេធការចោទប្រកាន់នេះ។
យ៉ាងណាមិញ កិច្ចព្រមព្រៀងខាងលើនឹងឃើញថា ក្រុមហ៊ុន Foxconn និង Taiwan Semiconductor Manufacturing Co (TSMC) ទិញវ៉ាក់សាំងចំនួន ៥ លានដូសម្នាក់ ហើយបរិច្ចាគវាទៅរដ្ឋាភិបាលសម្រាប់ចែកចាយឲ្យប្រជាជនប្រើប្រាស់៕