កាលពីថ្ងៃពុធកន្លងទៅនេះ កម្មវិធីចែករំលែកវីដេអូខ្លី TikTok បានចាប់ផ្តើមកម្មវិធីសាកល្បងមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បញ្ចូលវីដេអូសម្រាប់ដាក់ពាក្យសុំការងារ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយក្នុងនោះរួមានការងារជាច្រើន ចាប់ពី WWE Superstar រហូតដល់វិស្វករទិន្នន័យជាន់ខ្ពស់នៅ Shopify ឬ Creative Producer នៅ TikTok ផ្ទាល់តែម្តង។
ស្ថិតក្រោមកម្មវិធី “TikTok Resume” ក្រុមហ៊ុនជាច្រើននឹងទទួលយកវីដេអូដាក់ពាក្យសុំការងារនោះ ចាប់ពីថ្ងៃទី ៧ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែកក្កដា។
គួរឲ្យដឹងថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់ពាក្យសុំការងារ ចាប់តាំងពីកម្រិតដំបូង រហូតដល់មុខតំណែងដែលមានបទពិសោធ ជាមួយវីដេអូដែលមានសញ្ញា hashtag ថា “#TikTokResumes”។
សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាខ្វះនិយោជិក ឬបុគ្គលិកធ្វើការ នៅពេលដែលតម្រូវការការងារត្រលប់មកវិញ បន្ទាប់ពីមានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩៕