នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា នេះ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Panasonic Corp បាននិយាយថា ទំនាក់ទំនងរបស់ក្រុមហ៊ុនជប៉ុននេះ ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla ក្នុងនាមជាអ្នកផ្គត់ផ្គង់អាគុយនៅតែរឹងមាំ សូម្បីតែបន្ទាប់ពី Panasonic បានលក់ភាគហ៊ុនទាំងអស់របស់ខ្លួន នៅក្នុងក្រុមហ៊ុន Tesla ក៏ដោយ។
លោក Kazuhiro Tsuga ដែលជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Panasonic Corp មានវ័យ ៦៤ឆ្នាំ បាននិយាយថា “ការលក់នេះមិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយក្រុមហ៊ុន Tesla ឡើយ”។
គួរឲ្យដឹងថា ក្រុមហ៊ុន Panasonic បានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Tesla ក្នុងតម្លៃប្រហែល ៤០០ ពាន់លានយ៉េន (ឬ ៣,៦២ ពាន់លានដុល្លារ) ដើម្បីជួយចំណាយសម្រាប់ការទិញយកក្រុមហ៊ុន software អាមេរិក Blue Yonder ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧,១ ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Panasonic ក៏កំពុងពង្រីកការបណ្តាក់ទុនរួមគ្នារបស់ខ្លួន ជាមួយ Tesla នៅរដ្ឋ Nevada និងកំពុងសម្លឹងមើលការបង្កើតអាជីវកម្មអាគុយ lithium-ion នៅប្រទេសន័រវេស ដើម្បីទាញយកក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបនិងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកផងដែរ៕