ក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ីដ៏ធំរបស់ចិន Didi Global កំពុងត្រូវបានប្តឹងដោយម្ចាស់ភាគហ៊ុនអាមេរិក បន្ទាប់ពីការបង្ក្រាបរបស់ក្រុងប៉េកាំង បង្កឲ្យតម្លៃភាគហ៊ុនរបស់វាធ្លាក់ចុះយ៉ាងខ្លាំង។
បណ្តឹងទាំងពីរនោះបានធ្វើឡើង រយៈមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី Didi បានបង្ហាញខ្លួននៅលើផ្សារហ៊ុនញូវយ៉កលើកដំបូងរបស់ខ្លួន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Didi ត្រូវបានដាក់លក់ក្នុងតម្លៃ ១៤ដុល្លារក្នុងមួយហ៊ុន នៅ New York IPO និងរៃអង្គាសប្រាក់បានសរុប ៤,៤ពាន់លានដុល្លារ ក្លាយជាក្រុមហ៊ុនចិនធំបំផុត គិតចាប់តាំងពី Alibaba បានបង្ហាញខ្លួនក្នុងឆ្នាំ២០១៤ ជាមួយចំនួនប្រាក់រៃអង្គាសសរុប ២៥ពាន់លានដុល្លារ។
គួរឲ្យដឹងថា មកដល់ពេលនេះ តម្លៃទីផ្សារអាមេរិករបស់ក្រុមហ៊ុន Didi បានធ្លាក់ចុះជាង ២០% ចាប់តាំងពីនិយតករចិនបានប្រាប់ឲ្យវាលុបកម្មវិធីចេញពី app store មក។
សូមរំលឹកឲ្យដឹងដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមអ្នកឃ្លាំមើលអ៊ិនធឺរណែតរបស់ប្រទេសចិន បានបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ី Didi លុបកម្មវិធីរបស់ខ្លួនចេញពី app store បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ការប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់វា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ៕