ក្រុមហ៊ុន Huawei Technologies បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Volkswagen Group និងអ្នកផ្គត់ផ្គង់មួយ ដែលនឹងផ្តល់ច្ចេកវិទ្យា wireless technology របស់ខ្លួន ឲ្យមានប្រើប្រាស់លើរថយន្តរបស់ Volkswagen Group ចំនួន ៣០ លានគ្រឿង។
កិច្ចព្រមព្រៀងនេះនឹងផ្តល់ឲ្យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ នូវសិទ្ធិទទួលបានបច្ចេកវិទ្យា និងប៉ាតង់ 4G របស់ក្រុមហ៊ុន Huawei ដែលត្រូវបានទាមទារសម្រាប់ប្រើលើមុខងារជាច្រើន ដូចជា ប្រព័ន្ធជំនួយបើកបរកម្រិតខ្ពស់ និងប្រព័ន្ធកម្សាន្ត។
សូមបញ្ជាក់ដែរថា វាគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់ក្រុមហ៊ុន Huawei ដែលខ្លួនបានឈានដល់ក្នុងវិស័យឧស្សាហកម្មរថយន្ត ខណៈពេលដែលវាកំពុងតែពង្រីកអាជីវកម្មរបស់ខ្លួន។
គួរឲ្យដឹងថា បន្ទាប់ពីសហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុន Huawei មិនឲ្យលក់ឧបករណ៍របស់ខ្លួននៅក្នុងប្រទេសដោយសារតែវាត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងសន្តិសុខជាតិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបណ្តាក់ទុនចូលក្នុងវិស័យអាជីវកម្មផ្សេងទៀត ហើយត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទៅជាផ្នែក software បន្ថែមលើផ្នែកសហគ្រាស និងផ្នែក cloud computing៕