សមាគមរថយន្តដឹកអ្នកដំណើរចិនបាននិយាយនៅពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla Inc បានលក់រថយន្ដដែលផលិតនៅប្រទេសចិនចំនួន ៣៣ ១៥៥ គ្រឿង ក្នុងខែមិថុនា ដោយក្នុងនោះរាប់បញ្ចូលទាំងរថយន្តសម្រាប់នាំចេញផងដែរ។
ក្រុមហ៊ុន Tesla ដែលកំពុងផលិតរថយន្ត Model 3 និង Model Y នៅទីក្រុងសៀងហៃ បានលក់រថយន្តដែលផលិតនៅប្រទេសចិននេះ ចំនួន ២៨ ១៣៨ គ្រឿង និងបាននាំចេញចំនួន ៥ ០១៧ គ្រឿងកាលពីខែមិថុនា។
គួររលឹកឲ្យដឹងដែរថា នៅក្នុងខែឧសភា ក្រុមហ៊ុន Tesla បានលក់រថយន្តដែលផលិតនៅប្រទេសចិនបានចំនួន ៣៣ ៤៦៣ គ្រឿង។
មិនតែប៉ុណ្ណោះ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន Tesla បានដាក់បង្ហាញរថយន្ត Model Y ប្រភេទ standard driving range នៅក្នុងប្រទេសចិន ដោយបញ្ចុះតម្លៃរបស់វាសល់ត្រឹម ២៧៦ ០០០ យ័ន (៤២ ៥០០ ដុល្លារ) ទៀតផង។
ក្រឡេកទៅមើលគូប្រជែងរបស់វា គឺក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនី និង plug-in hybrid ដាច់បានចំនួន ៤០ ៥៣២ គ្រឿង កាលពីខែមុននៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុន SAIC Motor បានលក់រថយន្តដាច់ចំនួន ៣០ ៤៧៩ គ្រឿង៕