ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng ដែលបានប្រមូលប្រាក់ចំនួន ១,៨ ពាន់លានដុល្លារ ពីការចុះបញ្ជីនៅក្នុងទីក្រុងហុងកុង នឹងផលិតរថយន្តម៉ូដែលថ្មីនាពេលអនាគត ដោយផ្អែកលើគ្រោងឆ្អឹង ដែលត្រូវបានរចនាឡើងសម្រាប់ទីផ្សារអន្តរជាតិ។
ដឹកនាំដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Alibaba គឺលោក He Xiaopeng ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែលមានអាយុ ៧ ឆ្នាំនេះ កំពុងអភិវឌ្ឍបច្ចេកវិទ្យារថយន្តឆ្លាតវៃ រួមទាំងប្រព័ន្ធបើកបរស្វ័យប្រវត្តិផងដែរ។
គួរឲ្យដឹងថា បច្ចុប្បន្ននេះរថយន្តរបស់ Xpeng ដែលកំពុងដាក់លក់មានចំនួន ៣ ម៉ូដែល គឺ P7 និង P5 និងរថយន្តស្ព័រ G3។
លោក He បានប្រាប់ទៅកាន់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុន Xpeng នឹងដាក់ចេញនូវវេទិកាផលិតផលថ្មីមួយ ដែលវាអាចអភិវឌ្ឍម៉ូដែលជាច្រើន ក្នុងប្រភេទផ្សេងៗគ្នា និងទំហំខុសគ្នា ក្នុងរយៈពេលពីរឆ្នាំទៀត៕