ការិយាល័យស្ថិតិទូទៅ General Statistics Office របស់ប្រទេសវៀតណាម បានប៉ាន់ស្មានថា មានអ្នកធ្វើការប្រមាណ ១២,៨ លាននាក់បានរងផលប៉ះពាល់ដោយសាររោគរាតត្បាតកូវីដ១៩ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៤១ ភាគរយបើធៀបនឹងត្រីមាសទី១។
មនុស្សទាំងនោះ មាន ៧៥ ភាគរយអាយុពី ២៥-៥៤ ឆ្នាំ ដោយខ្លះបានបាត់បង់ការងារ, កាត់ម៉ោងធ្វើការ ឬ កាត់ប្រាក់ចំណូល ដោយសារតែជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ។
ជាមួយគ្នានេះដែរ អ្នកធ្វើការនៅតាមទីក្រុង ហាក់ដូចជាទទួលរងផលប៉ះពាល់ខ្លាំង ជាងអ្នកនៅតាមជនបទ ដោយ ២១,៩ ភាគរយនៅក្នុងទីក្រុងរាយការណ៍ពីផលប៉ះពាល់អវិជ្ជមាន ខណៈអ្នកនៅតាមជនបទមានតែ ១៤,៣ ភាគរយប៉ុណ្ណោះ។
គួរឲ្យដឹងថា រលកកូវីដ១៩ ទី៤ រីករាលដាលលឿនជាងមុន និងពិបាកគ្រប់គ្រងជាងមុន ហើយបានធ្វើឲ្យមនុស្សបាត់បង់ការងារច្រើន។ អត្រាអ្នកគ្មានការងារធ្វើនៅទូទាំងប្រទេសវៀតណាម បានកើនឡើង ៧,៣ ភាគរយពីត្រីមាសទី១ ដល់ ១,២ លាននាក់នៅក្នុងត្រីមាសទី២ ខណៈដែលប្រាក់ចំណូលជាមធ្យមបានធ្លាក់ចុះ ៣,៨ ភាគរយ ស្មើនឹង ៦,១ លានដុង (២៦៤ ដុល្លារ) ក្នុងមួយខែ៕