បន្ទាប់ពីមានការចាយពេលចរចាចង់ទិញយកជាច្រើនខែ ទីបំផុត សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌបណ្តោះអាសន្នមួយ (framework agreement) ស្តីពីអនាគតរបស់ TikTok នៅសហរដ្ឋអាមេរិកហើយ ដោយក្នុងនោះ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដោយលោក Scott Bessent រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ក្នុងកិច្ចប្រជុំពាណិជ្ជកម្មនៅក្នុងទីក្រុងម៉ាឌ្រីត។
ជាមួយគ្នានេះ សម្រាប់លទ្ធផលសសម្រេចចុងក្រោយ នឹងធ្វើការប្រកាសនៅចុងសប្តាហ៍នេះ បន្ទាប់ពីមានការសម្រេច និងការពិភាក្សាគ្នាបន្ថែមរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតី Xi Jinping រួមជាមួយក្រុមហ៊ុន ByteDance ។
គួរបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ននេះ គឺមិនទាន់មានការប្រកាសណាមួយបានបញ្ជាក់ថា ក្រុមហ៊ុន ឬបុគ្គលជនជាតិអាមេរិកណាមួយបានចូលខ្លួននៅក្នុងការទិញយកនូវកម្មវិធី TikTok នៅសហរដ្ឋអាមេរិកនៅឡើយនោះទេ ប៉ុន្តែបើយោងតាមការបញ្ជាក់មួយចំនួន ក្នុងនោះក៏អាចនឹងមានឈ្មោះក្រុមហ៊ុន Amazon និងក្រុមហ៊ុន Oracle ផងដែរ។
មួយវិញទៀត ប្រសិនការទិញយក TikTok របស់អាមេរិកទទួលបានភាពជោគជ័យ ប្រទេសចិនផ្ទាល់ក៏អាចនឹងកំណត់នូវលក្ខខណ្ឌបន្ថែមមួយចំនួនផងដែរ ដែលក្នុងនោះ ByteDance គឺអាចនឹងនៅតែបន្តរក្សាការកាន់កាប់ភាគហ៊ុនមួយចំនួនជាដើម៕