បន្ទាប់ពីបានចំណាយពេលអស់រយៈពេល ១ឆ្នាំ ក្នុងកាលអភិវឌ្ឈន៍នូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញចេញនូវវីដេអូ Teaser របស់ស្មាតហ្វូន Xiaomi 17 Series របស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងថ្ងៃទី 26 ក្នុងខែកញ្ញាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ ចំពោះស្មាតហ្វូន Xiaomi 17 Series ដែលនឹងបង្ហាញចេញនៅចុងខែកញ្ញានេះ គឺមានចំនួន ៣ម៉ូឌែល គឺ Xiaomi 17, Xiaomi 17 Pro និង Xiaomi 17 Pro Max ។
បើនិយាយពីលក្ខណៈពិសេសរបស់ស្មាតហ្វូនទាំងនេះវិញ គឺនឹងទទួលបាននូវការរចនាជាមួយនឹងអេក្រង់នៅផ្នែកខាងក្រោយជាមួយនឹងកាមេរ៉ា ពោលគឺវាអាចបង្ហាញការជូនដំណឹង ពេលវេលា និងមុខងារជាច្រើន។ លើសពីនេះ ក៏នឹងទទួលបាននូវឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 និងប្រព័ន្ធប្រតិបត្តិការ HyperOS 3 បូក Android 16 ជាស្តង់ដារផងដែរ។
ជាមួយគ្នានេះ សម្រាប់ម៉ូឌែល Xiaomi 17 Pro វិញ ក៏នឹងទទួលបាននូវអេក្រង់ AMOLED ទំហំ 6.3 អ៊ីញ ជាមួយនឹងកម្រិតគុណភាព 1.5K ក៏ដូចជា Refresh Rate 120Hz, កាមេរ៉ា 50MP គ្រប់លេន, ម៉ាសុីនស្កេន Ultrasonic fingerprint scanner, អាវការពារ IP68 + IP69 និងថាមពលថ្ម 6,300mAh ដែលគាំទ្រនូវការសាកតាមខ្សែកម្លាំង 100W និង 50W ឥតខ្សែផងដែរ ហើយ Xiaomi 17 Pro Max ទៀតសោត នឹងទទួលបាននូវអេក្រង់ 2K ទំហំ 6.8 អ៊ីញ និងថាមពលថ្ម 7,500mAh ៕