សហគ្រាសធុនតូច និងមធ្យមជាច្រើន ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងពុះពារនឹងបន្ទុកបំណុលដែលអាចបង្ខំពួកគេឲ្យឈប់ធ្វើជំនួញ ខណៈរលកនៃការឆ្លងជំងឺកូវីដ១៩ ថ្មី បានជះឥទ្ធិពលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។
លោក Sangchai Theerakulwanich ប្រធានសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ ដែលបានដាក់សំណើកាលពីខែមុន ឲ្យរដ្ឋាភិបាលជំរុញការគាំទ្រដល់អាជីវកម្មខ្នាតតូច បាននិយាយថា “លើកនេះគឺអាក្រក់ជាងឆ្នាំមុនទៅទៀត ហើយប្រតិបត្តិកររាប់លានកំពុងរងទុក្ខ។ ប្រសិនបើស្ថានការណ៍នៅតែបន្តអូសបន្លាយដល់ដំណាច់ឆ្នាំ ប្រទេសនឹងជួបវិបត្តិ ដោយ ៨០ ភាគរយនៃពួកគេប្រាកដជាក្ស័យធន”។
គួរឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសថៃ ដែលភាគច្រើនប្រមូលផ្តុំនៅក្នុងឧស្សាហកម្មទេសចរណ៍ បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពីប្រទេសនេះបានបិទព្រំដែនរបស់ខ្លួនកាលពីឆ្នាំមុន ដែលធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។
មិនតែប៉ុណ្ណោះ ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារតែករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃ និងការស្លាប់ កំពុងស្ថិតនៅកម្រិតកំណត់ត្រា ដែលនាំឲ្យរដ្ឋាភិបាលដាក់បម្រាមថ្មីនៅចុងខែមិថុនា។
យ៉ាងណាមិញ ធនាគារកណ្តាលរបស់ប្រទេសថៃ បានអំពាវនាវម្តងហើយម្តងទៀតដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមងាយរងគ្រោះ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕