ក្រុមហ៊ុនរថយន្តចំនួន ៣ នៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមងាកមកប្តូរការលក់តាមបណ្តាញ Online វិញ ខណៈដែលពួកគេព្យាយាមទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ប្រទេសនេះ។
ចាប់តាំងពីខែមករាឆ្នាំ ២០២១ មក អតិថិជនអាចចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន VinFast ដើម្បីជ្រើសរើសម៉ូដែលរថយន្ត, ប្តូរពណ៌ខាងក្រៅ និងពណ៌ខាងក្នុង ព្រមទាំងជ្រើសរបៀបនៃការទូទាត់លុយ ផងដែរ។ បន្ទាប់មកអតិថិជនអាចទៅកាន់បន្ទប់ Showroom ដែលនៅជិតបំផុត ដើម្បីបញ្ចប់ការទិញ។ ក្នុងនោះ VinFast ក៏ផ្តល់ជូននូវការប្រគល់រថយន្តដល់អតិថិជន ដល់មុខផ្ទះទៀតផង។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Mercedes បានចាប់ផ្តើមការលក់តាម Online នៅខែមីនា។ អតិថិជនអាចជ្រើសរើស និងផ្លាស់ប្តូរ Option នានាតាមតម្រូវការបាន។ ប៉ុន្តែនីតិវិធីនៃការលក់ត្រូវតែបំពេញដោយផ្ទាល់។
កាលពីខែមុន ក្រុមហ៊ុន TC Motor ដែលដំឡើងរថយន្ត Hyundai នៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមអនុញ្ញាតឲ្យអតិថិជនធ្វើការប្រៀបធៀបរថយន្តរបស់ខ្លួនតាម Online និងមើលថាតើពួកគេត្រូវចំណាយប៉ុន្មាន បន្ទាប់ពីថ្លៃប្រូម៉ូសិន, ការបង់ពន្ធ និងថ្លៃសេវាផ្សេងៗ។
លោក Nguyen Trung Kien ប្រធានផ្នែកបច្ចេកវិទ្យា នៃក្រុមហ៊ុនទីផ្សារឌីជីថល Novaon MarTech បាននិយាយថា ក្រុមហ៊ុនរថយន្តពិតជាយឺតយ៉ាវបន្តិចហើយ ក្នុងការទទួលយកការលក់រថយន្តតាមប្រព័ន្ធ Online នេះ៕