ក្រុមហ៊ុនរាយខ្សែដ៏ធំរបស់ប្រទេសជប៉ុន Muji បានបើកហាងដំបូងរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីបានបើកហាងមួយនៅទីក្រុងហូជីមិញ កាលពីខែវិច្ឆិកា។
ហាងដែលលាតសន្ធឹងលើផ្ទៃដី ២ ០០០ ម៉ែត្រការ៉េ នៅមជ្ឈមណ្ឌល Vincom Center Metropolis នេះ គឺជាហាងទី ២ ហើយរបស់ Muji ដែលត្រូវបានបើកនៅក្នុងប្រទេសវៀតណាម។
ហាងលក់រាយនៅទីក្រុងហាណូយខាងលើនេះ មានផ្តល់ជូននូវផលិតផលប្រហែល ៥ ០០០ មុខ រាប់ចាប់ពីសំលៀកបំពាក់ គ្រឿងសំអាង រហូតដល់របស់របរប្រើប្រាស់ក្នុងផ្ទះ របស់រចនាខាងក្នុង និងអាហារ ផងដែរ។
លោក Tetsuya Nagaiwa ប្រធានអាជីវកម្មរបស់ក្រុមហ៊ុន Muji នៅក្នុងប្រទេសវៀតណាម បាននិយាយថា ក្រុមហ៊ុនលក់រាយនេះបានចំណាយពេលពីរឆ្នាំ ដើម្បីស្វែងរកទីតាំងសមរម្យសម្រាប់ហាងនៅក្នុងទីក្រុងហាណូយ ដែលជាដំណើរការវែងជាង បើប្រៀបធៀបទៅនឹងការខិតខំនៅក្នុងទីក្រុងហូជីមិញ៕