ក្រុមឧស្សាហកម្មមកពីប្រទេសជប៉ុន និងហ្វាំងឡង់ នឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា លើបច្ចេកវិទ្យាគមនាគមន៍ជំនាន់ទី៦ ដោយស្វែងរកការនាំមុខក្នុងការបង្កើតស្តង់ដារ 6G នៅក្នុងវិស័យមួយដែលទទួលឥទ្ធិពលកាន់តែខ្លាំងឡើងពីក្រុមហ៊ុនចិន។
ក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ Nokia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មនេះ នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងខាងលើ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Beyond 5G Promotion Consortium របស់ជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុនហ្វាំងឡង់ ឈ្មោះ 6G Flagship។ កិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសនៅឯកិច្ចប្រជុំកំពូលឌីជីថលឌីជីថល Global Digital Summit 2021 ដែលជាព្រឹត្តិការណ៍រៀបចំឡើងដោយកាសែត Nikkei និងក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុន។
គួរឲ្យដឹងថា គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីមានការប្តេជ្ញាចិត្តចំនួន ៤,៥ ពាន់លានដុល្លារដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ថ្មី នៅក្នុងភាពជាដៃគូដែលបានប្រកាសកាលពីខែមេសា។
ក្រុម Beyond 5G Promotion Consortium ដែលមានគោលបំណងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា 6G ក្នុងអំឡុងឆ្នាំ២០៣០ រួមមាន សាកលវិទ្យាល័យ University of Tokyo ជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំៗរបស់ជប៉ុន ដូចជា Nippon Telegraph & Telephone, NTT Docomo, KDDI, SoftBank Corp និង Rakuten Mobile ផងដែរ៕