យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សេដ្ឋកិច្ចចក្រភពអង់គ្លេសបានកើនឡើង ២,៣% នៅក្នុងខែមេសា ដែលជាកំណើនប្រចាំខែលឿនបំផុត បើគិតចាប់តាំងពីខែកក្កដាឆ្នាំមុនមក។
អ្នកទិញឥវ៉ាន់បានចំណាយកាន់តែច្រើននៅ High Street ខណៈដែលហាងដែលមិនចាំបាច់ត្រូវបានបើកម្តងទៀត ហើយប្រជាជនបានទិញរថយន្តកាន់តែច្រើន។
ការិយាល័យស្ថិតិជាតិ Office for National Statistics ហៅកាត់ថា ONS បាននិយាយថា ប្រជាជនក៏មានការចំណាយកាន់តែច្រើននៅក្នុងហាងស្រា, ហាងកាហ្វេ និងភោជនីយដ្ឋានផងដែរ ដោយសារតែការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ។
ទោះបីជាមានសកម្មភាពកើនឡើងក៏ដោយ ក៏សេដ្ឋកិច្ចអង់គ្លេសនៅតែមាន ៣,៧% ទាបជាងកម្រិតខ្ពស់បំផុត មុនពេលឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងនោះដែរ វិស័យសំណង់បានធ្លាក់ចុះកាលពីខែមេសា បើប្រៀបធៀបទៅនឹងកំណើនខ្លាំងកាលពីខែមុន ប៉ុន្តែវិស័យនេះនៅតែខ្ពស់ជាងកម្រិតមុនពេលមានកូវីដ១៩។
អធិការបតីអង់គ្លេស លោក Rishi Sunak បាននិយាយថា “តួលេខនេះគឺជាសញ្ញាល្អមួយដែលបង្ហាញថា សេដ្ឋកិច្ចរបស់យើងកំពុងចាប់ផ្តើមងើបឡើងវិញ”៕