បណ្តាញរោងកុនជាច្រើននៅវៀតណាម ដូចជា Galaxy, BHD, Lotte Cinema និង CJ CGV ដែលបានបើកបិទដំណើរការឡើងចុះ ចាប់តាំងពីខែកុម្ភៈដោយសារតែជំងឺកូវីដ១៩ កំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយខ្លះថែមទាំងប្រឈមនឹងការក្ស័យធនទៀតផង។
អ្នកនាំពាក្យឲ្យក្រុមហ៊ុន CJ CGV Vietnam បាននិយាយថា ខ្សែភាពយន្តដែលត្រូវចាក់បញ្ចាំង ត្រូវបញ្ឈប់ ហើយខ្សែភាពយន្តនាពេលខាងមុខ ត្រូវបានពន្យារ បណ្តាលឲ្យមានការខាតបង់យ៉ាងច្រើន ចាប់តាំងពីពួកគេត្រូវកាត់បន្ថយចំណាយលើទីផ្សារ។
អ្នកនាំពាក្យខាងលើបានបន្ថែមថា ទោះបីជាមានការបិទរោងកុនរបស់ខ្លួនក៏ដោយ ក៏វានៅតែត្រូវបង់ថ្លៃជួល និងចំណាយប្រតិបត្តិការ ព្រមទាំអចំណាយលើការថែរក្សាឧបករណ៍ផងដែរ។
គួរឲ្យដឹងថា ទីក្រុងហូជីមិញបានបិទរោងកុននៅថ្ងៃទី ៣ ឧសភា និងទីក្រុងហាណូយ បានបិទនៅថ្ងៃទី ៥ ឧសភា ដើម្បីទប់ទល់នឹងរលកទី៤ នៃជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសា។
កាលពីឆ្នាំមុន ជាមួយនឹងការបិទប្រហាក់ប្រហែលគ្នានេះ ក្រុមហ៊ុន CJ CGV ដែលគ្រប់គ្រងដោយប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ប្រាក់ចំណូលបានធ្លាក់ចុះ ៦០ ភាគរយ ស្មើនឹង ៦០,៧ លានដុល្លារ ដែលជាការខាតបង់ចំនួន ៣៦លានដុល្លារ៕