ប្រទេសចិននឹងក្លាយជាទីផ្សារនាំចេញដ៏ធំមួយសម្រាប់ឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់របស់ប្រទេសវៀតណាម។
យោងតាមក្រុមហ៊ុនវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម (Vinatex) បានឲ្យដឹងថា ជំងឺកូវីដ១៩ បានបង្ហាញថាទីផ្សារសំខាន់ៗមួយចំនួនមិនស្ថិតស្ថេរ។
ឧទាហរណ៍ អឺរ៉ុបកំពុងប្រឈមមុខនឹងហានិភ័យនៃការលេចចេញជាថ្មីនៃជំងឺរាតត្បាត ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន មិនទាន់មានភាពរស់ឡើងវិញនៅឡើយទេ។ ដូច្នេះការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាមទៅកាន់ទីផ្សារទាំងពីរនេះ មិនត្រូវបានគេរំពឹងថានឹងកើនឡើងនៅឆ្នាំនេះទេ។
ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានចង្អុលបង្ហាញនៅក្នុងផែនការរយៈពេល ៥ ឆ្នាំលើកទី ១៤ របស់ខ្លួនថា វានឹងមិនផ្តោតលើផលិតកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ នៅក្នុងរយៈពេល ២០២១-២០២៥ នោះទេ។
គួរឲ្យដឹងថា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាមទៅកាន់ប្រទេសចិនក្នុងត្រីមាសទី ១ ទទួលបានកំណើនខ្ពស់បំផុត ក្នុងចំណោមទីផ្សារនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌធំជាងគេ ចំនួន ៥ (សហរដ្ឋអាមេរិក, ជប៉ុន, កូរ៉េខាងត្បូង, អឺរ៉ុប និងចិន)។ តម្លៃនាំចេញវាយនភ័ណ្ឌ និងសម្លៀកបំពាក់ទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនេះ គឺខ្ពស់បំផុតដល់ ៦៨០ លានដុល្លារឯណោះ៕