វិនិយោគិន Cryptocurrency ឬ រូបិយប័ណ្ណឌីជីថល នឹងត្រូវបង់ពន្ធលើប្រាក់ចំណេញ ២០ ភាគរយ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែពួកគេមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធលើការចំណាយ ដែលបានកើតឡើងក្នុងអំឡុងពេលដំណើរការរុករករ៉ែ (mining) ដូចជា ថ្លៃអគ្គិសនី ជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា ប្រាក់ចំណូលដែលទទួលលើសពី ២,៥ លានវ៉ុន (២ ២៣០ ដុល្លារអាមេរិក) លើប្រតិបត្តិការCryptocurrency ឬ រូបិយប័ណ្ណឌីជីថល នឹងត្រូវបង់ពន្ធ ២០ ភាគរយចាប់ពីឆ្នាំ ២០២២។ ប៉ុន្តែការចំណាយណាមួយដែលទាក់ទងនឹងសកម្មភាពរុករករ៉ែ អាចត្រូវបានកាត់បន្ថយវិញ។
អ្នករុករករូបិយប័ណ្ណឌីជីថល ត្រូវការប្រតិបត្តិការកុំព្យូទ័រ និងម៉ាស៊ីនច្រើន ដែលដំណើរការពេញមួយថ្ងៃ ក្នុងការរុករករ៉ែ (mining) ដែលនាំឲ្យមានការចំណាយលើថ្លៃអគ្គិសនីយ៉ាងច្រើន។ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងទទួលស្គាល់វិក័យប័ត្ររបស់ពួកគេ ជាការចំណាយអាជីវកម្ម ដើម្បីកាត់បន្ថយពន្ធ។
មន្ត្រីក្រសួងខាងលើបាននិយាយថា វិនិយោគិនដែលរស់នៅក្នុងប្រទេស ត្រូវការភស្តុតាងបញ្ជាក់ថាវិក្កយបត្រអគ្គិសនីរបស់ពួកគេមានចំនួនប៉ុន្មាន ទាក់ទងនឹងសកម្មភាពរុករករ៉ែ ដើម្បីទទួលបានការកាត់បន្ថយ នៅពេលពួកគេរាយការណ៍ប្រាក់ចំណូលពីការជួញដូររូបិយប័ណ្ណឌីជីថល៕