ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិយាយថា តម្រូវការវ៉ាក់សាំងកូវីដ១៩ អាចជួយបង្កើនប្រាក់ចំណូលរបស់ខ្លួនរាប់ឆ្នាំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Pfizer កំពុងតែរំពឹងថា តម្រូវការវ៉ាក់សាំងកូវីដ១៩ នឹងមានរយៈពេលយូរឆ្នាំ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងវ៉ាក់សាំងផ្តាសាយដែរ។
គួរឲ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូងនៃ ឆ្នាំ២០២១ វ៉ាក់សាំងនេះបានបង្កើតប្រាក់ចំណូលចំនួន ៣,៥ពាន់លានដុល្លាររួចទៅហើយ ស្របពេលដែលរដ្ឋាភិបាលខំប្រឹងពុះពារដើម្បីទប់ទល់នឹងរោគរាតត្បាតកូវីដ១៩។
ជាមួយគ្នានេះដែរ ប្រាក់ចំណូលពីការព្យាបាលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២៦ពាន់លានដុល្លារ នៅឆ្នាំនេះ ដែលស្មើនឹងជាង១ភាគ៣ នៃការលក់របស់ក្រុមហ៊ុន Pfizer។ ការព្យាករណ៍នេះ គឺផ្អែកលើកិច្ចសន្យាដែលបានចុះហត្ថលេខារួច សម្រាប់វ៉ាក់សាំងចំនួន ១,៦ពាន់លានដូស ដែលត្រូវផ្តល់នៅឆ្នាំនេះ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមទៀតនៅឆ្នាំនេះ ហើយកំពុងពិភាក្សាផ្គត់ផ្គង់ជាមួយប្រទេសជាច្រើនសម្រាប់ឆ្នាំ ២០២២ និងលើសពីនេះទៀត៕