នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford បានប្រាប់សារព័ត៌មាន CNBC ថា ក្រុមហ៊ុន Ford Motor អាចផលិតអាគុយអគ្គិសនីរបស់ខ្លួន នៅក្នុងស្រុក នៅត្រឹមឆ្នាំ ២០២៥ ។
ការកំណត់ពេលវេលានេះ គឺជាព័ត៌មានលម្អិតបំផុតរបស់ក្រុមហ៊ុន Ford ដែលបានផ្តល់ឲ្យ សម្រាប់ការផលិតអាគុយអគ្គិសនី។
គួរឲ្យដឹងដែរថា ការផលិតអាគុយអគ្គិសនីដោយខ្លួនឯង ត្រូវបានគេរំពឹងថា នឹងក្លាយជាគន្លឹះសម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងការកាត់បន្ថយថ្លៃដើមនៃរថយន្តអគ្គិសនី និងដើម្បីរកប្រភពសុវត្ថិភាពសម្រាប់តម្រូវការ ដែលគេបានរំពឹងទុកនឹងកើនឡើងខ្លាំងនៅទសវត្សរ៍នេះ។
យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Ford លោកស្រី Jennifer Flake បានឲ្យដឹងថា ការកំណត់ពេលវេលានៃការផលិត មានមូលដ្ឋាននៅលើទីផ្សាររថយន្តអគ្គិសនី, តម្រូវការអតិថិជន ក៏ដូចជា ការរីកចម្រើនរបស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ។ លោកស្រីបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងស្ថិតក្នុងទីតាំងមួយ ដែលមានសមត្ថភាពអាចផលិតអាគុយអគ្គិនសីផ្ទាល់ខ្លួន នៅឆ្នាំ ២០២៥៕