Ford ជាម៉ាករថយន្តល្បីឈ្មោះមួយ ដែលបង្កើតឡើងដោយលោក Henry Ford មានដើមកំណើតនៅសហរដ្ឋអាមេរិក។ លោកជាកូនម្ចាស់កសិដ្ឋានមួយនៅទីក្រុង Dearborn រដ្ឋ Michigan។
លោក Henry បានចាកចេញពីផ្ទះនៅអាយុ ១៦ឆ្នាំ ទៅធ្វើការជាកូនជាងជួសជុលម៉ាសុីនមួយកន្លែងនៅទីក្រុង Detroit។ បន្ទាប់មក លោកបានបម្រើការងារនៅរោងចក្រម៉ាសុីនមួយកន្លែងទៀត។ ជាមួយគ្នានេះដែរ លោកក៏ឆ្លៀតពេលទំនេរ សិក្សាលើជំនាញគណនេយ្យថែមទៀតផង។ នៅឆ្នាំ ១៨៩១ លោកក៏មានតួនាទីជាវិស្វករនៅក្រុមហ៊ុន Edison Illuminating Company។ ពីរឆ្នាំក្រោយមក លោកបានឡើងតំណែងជាប្រធានវិស្វករដែលធ្វើការសឹងតែ ២៤ ម៉ោងទៅហើយ។ ទោះបីជាមមាញឹកប៉ុណ្ណាលោកនៅតែឆ្លៀតពេលផលិតយានយន្តមួយគឺ Ford Quadricycle ដោយជោគជ័យ។

នៅឆ្នាំ ១៨៩៩ លោក Henry Ford បានលាឈប់ពីការងារមកបង្កើតអាជីវកម្មវិញ។ គួរបញ្ជាក់ផងដែរថា ទម្រាំតែអាចបង្កើតក្រុមហ៊ុន Ford ជោគជ័យមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃ លោកធ្លាប់បរាជ័យ ២ដងរួចមកហើយ។ លើកទី១ លោកបានបង្កើត Detroit Automobile ក្រោយប្រឈមនឹងវិបត្តិហិរញ្ញវត្ថុក៏ត្រូវបានបិទ។ លើកទី២ នៅឆ្នាំ ១៩០១ Henry Ford Company ត្រូវបានបង្កើតឡើង តែបានបរាជ័យម្តងទៀត ព្រោះតែជម្លោះបណ្តាលឲ្យលោកចាកចេញ រីឯក្រុមហ៊ុនក៏ត្រូវបានប្តូរឈ្មោះថ្មីទៅជា Cadillac Motor Car។ នៅឆ្នាំ ១៩០៣ លោក Henry Ford បានបង្កើតក្រុមហ៊ុនថ្មីមួយទៀតគឺ Ford Motor Company។

ចំណែករថយន្តដែលបានផលិត និងបង្ហាញមុនគេនោះគឺ Model T នៅខែតុលា ឆ្នាំ ១៩០៨ ក្នុងតម្លៃ ៨៥០ដុល្លារ។ ទទួលជោគជ័យភ្លាមៗមានការបញ្ជា ទិញច្រើនជាងអ្វីដែលក្រុមហ៊ុនអាចផលិតបាន។ ចំណែក Model A គឺជារថយន្តបន្ទាប់ដែលមានការកែលម្អ និងទំនើបជាងមុនត្រូវបានចេញលក់នៅឆ្នាំ ១៩២៧។

ឥឡូវនេះ ក្រុមហ៊ុន Ford មានសមត្ថភាពខ្ពស់ក្នុងការផលិតយាន្តយន្តដែលមានស្តង់ដារសុវត្ថិភាព មានរោងចក្រផលិត និងប្រតិបត្តិការនៅជាង ១២៥ ប្រទេសផ្សេងៗទៀត។ ចំណែកលោក Henry Ford បានក្លាយជាបុគ្គលដ៏សំខាន់មួយក្នុងការចូលរួមធ្វើបដិវត្តន៍ឧស្សាហកម្មនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងភាពច្នៃប្រឌិត របកគំហើញថ្មីដែលលោកបានរកឃើញ និងកសាងឡើង។

មួយវិញទៀតនោះ លោកត្រូវបានគេចាត់ទុកជាសហគ្រិនមួយរូបដែលមាន ចក្ខុវិស័យវែងឆ្ងាយ មិនបោះបង់អ្វីមួយចោលងាយនោះទេ ដែលជាគំរូល្អមួយគួរតែអនុវត្តតាម ព្រោះថាមនុស្សយើងម្នាក់ៗមានគោលដៅរៀងខ្លួន ត្រូវសម្លឹងមើលគោលដៅជារង្វាន់ធំមួយដែលអ្នកនឹងទទួលបានក្នុងការតស៊ូបន្តទៅមុខទៀត។




