Matcha ជាម្សៅបៃតងដ៏ល្បីល្បាញ ដែលបានក្លាយជាភេសជ្ជៈដ៏ពេញនិយមទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ មិនត្រឹមតែមានពណ៌បៃតងស្រស់ស្អាតប៉ុណ្ណោះទេ Matcha ក៏មានប្រវត្តិយូរលង់ និងអត្ថប្រយោជន៍សម្បូរបែបផងដែរ។
ដើមឡើយ Matcha គឺមានដើមកំណើតចេញមកពីប្រទេសចិនក្នុងចន្លោះរជ្ជកាលថាង និងរជ្ជកាលសុង។ នៅសម័យកាលនោះ ស្លឹកតែបៃតងត្រូវបានព្រះសង្ឃនៅវិហារចិនមួយយកមកកិនជាម្សៅ សម្រាប់ឆុងទុកឆាន់អំឡុងពេលធ្វើសម្មាទ្ធិ ដើម្បីជួយឲ្យអារម្មណ៍ស្ងប់ស្ងៀមបានល្អ។

ប៉ុន្តែនៅឆ្នាំ ១៩៩១ ព្រះសង្ឃជប៉ុនមួយអង្គឈ្មោះ Eisai បានមកសិក្សាធម៌នៅវិហារចិននេះ បាននាំយកគ្រាប់ពូជតែ និងរបៀបធ្វើតែ Matcha ត្រឡប់ទៅប្រទេសជប៉ុនវិញ។ ដោយបានដាក់ដាំនៅក្នងវិហារមួយនៅទីក្រុង Uji ខេត្ត Kyoto ដែលជាទីតាំងកំណើត ក៏ដូចជាតំបន់ផលិតបាន Matcha ដែលមានគុណភាពល្អជាងគេនៅជប៉ុន។

ខណៈពេលដែលការប្រើប្រាស់ Matcha បានសាបរលាបនៅប្រទេសចិន បើមើលមកប្រទេសជប៉ុនវិញត្រូវបានដាំដុះ និងកែច្នៃក្លាយទៅជាតែបៃតងប្រណិតដ៏ល្អឥតខ្ចោះមួយ។ ជាពិសេស ត្រូវបានយកទៅប្រើប្រាស់នៅពិធីប្រពៃណី តែបែបជប៉ុន Chanoyu (茶の湯) ទៀតផង។

Matcha មានសារធាតុចិញ្ចឹមពីស្លឹកតែទាំងមូល ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងមាននៅក្នុងតែបៃតងធម្មតា។ តែប្រភេទនេះមានបរិមាណដ៏ច្រើននៃវីតាមីន សារធាតុរ៉ែ និងអាស៊ីតអាមីណូ។ សមាសធាតុដែលបានរកឃើញនៅក្នុង Matcha មានអត្ថប្រយោជន៍អាចជួយការពារថ្លើម ជួយបង្កើនស្មារតី បណ្តេញជាតិពុល លើកកម្ពស់សុខភាពបេះដូង ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយដល់ការសម្រកទម្ងន់។

នៅពេលបច្ចុប្បន្ននេះ Matcha ត្រូវបានចាត់ទុកជា តែមួយប្រភេទដែលមានតម្លៃថ្លៃ និងល្បីល្បាញទូទាំងពិភពលោក មិនថាជាប្រភេទភេសជ្ជៈ នំបង្អែម សុទ្ធតែពេញនិយមសម្រាប់មនុស្សគ្រប់រូប។




