លោក Ingvar Kamprad គឺជាស្ថានិកក្រុមហ៊ុន IKEA ដែលជាម៉ាកយីហោគ្រឿងសង្ហារឹមធំជាងគេ ប្រចាំប្រទេសស៊ុយអែត បង្កើតឡើងនៅឆ្នាំ ១៩៤៣។
Ingvar Kamprad ចាប់ផ្តើមចេញរកប្រាក់តាំងពីអាយុ ១៧ឆ្នាំ ដោយមានលក់ប៊ិច នាឡិកា និងឥវ៉ាន់ផ្សេងៗទៀតនៅក្នុងភូមិដែលលោករស់នៅ។ នៅឆ្នាំ ១៩៤៨ លោកបាននាំយកគ្រឿងសង្ហារឹមមកដាក់លក់បន្ថែមទៀត។ បន្ទាប់ពីអាជីវកម្មរីកចម្រើនហើយនោះ លោកអាចបង្កើតម៉ាកយីហោ IKEA ឡើង និងបានបើកហាងដំបូងរបស់ខ្លួននៅក្នុងទីក្រុង Älmhult ក្នុងឆ្នាំ ១៩៥៨។ នេះចាត់ទុកជាជំហានជោគជ័យមួយ ព្រោះកំណើនលក់មានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យលោក Ingvar អាចរកចំណូលបានប្រហែល $១៣០,០០០ នាឆ្នាំនោះ។

ដំណើរការអាជីវកម្មមួយ ជៀសមិនផុតពីបញ្ហាត្រូវដោះស្រាយនោះទេ។ ជាក់ស្តែង IKEA មានបញ្ហាជាមួយនឹងការដឹកជញ្ជូន ព្រោះតែគ្រឿងសង្ហារឹមទាំងអស់នោះមានទំហំធំសំពីងសំពោង នាំឲ្យពិបាកក្នុងការដឹក។ ដូច្នេះទើបពួកគេប្តូរមកវេចខ្ចប់ជា flatpacks ឬ កេសសំប៉ែតវិញ តម្រូវឲ្យអតិថិជនជាអ្នកតំឡើង និងផ្គុំសម្ភារទាំងនោះដោយខ្លួនឯង។ វិធីនេះ មិនត្រឹមតែអាចកាត់បន្ថយចំណាយដឹកជញ្ជូនទេ ថែមទាំងសន្សំថ្លៃឥវ៉ាន់អ្នកទិញមួយចំណែកផងដែរ។ ចំណែកនៅក្នុងសម័យពាណិជ្ជកម្មអេឡិចត្រូនិកវិញ IKEA បានបញ្ចូលបច្ចេកវិទ្យា Augmented reality (AR) ដែលអតិថិជនអាចតេស្តនិងមើលឃើញគ្រឿងសង្ហារឹមដោយផ្ទាល់នៅក្នុងផ្ទះរបស់ពួកគេ។

IKEA មិនមែនត្រឹមជាហាងគ្រឿងសង្ហារឹមធម្មតានោះទេ បរិវេណនៅជុំវិញហាងគឺសុទ្ធតែជាការម៉ូតគំរូឬការរចនាដែលអតិថិជនអាចយកធ្វើជាគំនិតទៅរៀបចំបន្ទប់ និងផ្ទះបាន។ ពិសេសសម្រាប់អ្នកចូលចិត្តបែប Minimalist សាមញ្ញតែបែបទាន់សម័យ។ ក្រៅពីជាផ្សារគ្រឿងសង្ហារឹមហើយនោះ សួនកម្សាន្តនិងហាងអាហារ ក៏មាននៅក្នុង IKEA ផ្ទាល់ដូចគ្នា។ គំនិតនេះគឺកើតចេញពីលោក Ingvar Kamprad ព្រោះសម្គាល់ឃើញថាភ្ញៀវតែងតែចាកចេញទៅរកហាងអាហារជិតៗនោះ បញ្ហានេះពិតជារំខានក្នុងការទិញទំនិញ ដូច្នេះ នៅក្នុងហាង IKEA ភាគច្រើនគឺតែងតែឃើញមានហាងអាហារនៅក្នុងនោះ។ គំនិតលោកមិនមែនគិតត្រឹមតែការលក់ប៉ុណ្ណោះទេ តែឲ្យអតិថិជនទទួលបានបទពិសោធន៍ថ្មីពីអាជីវកម្ម និងសេវាកម្មដែលលោកផ្តល់ឲ្យ។

ប្រវត្តិនៃការបង្កើត IKEA នេះបង្ហាញថា ការធ្វើអាជីវកម្មរបស់លោក Ingvar Kamprad គឺមិនមែនផ្តោតតែលើការលក់មួយមុខទេតែផ្តល់នូវរបស់ដែលមានគុណភាព សេវាកម្មល្អធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍ល្អត្រឡប់ទៅវិញ។ វិធីសាស្រ្តនេះហើយ បានធ្វើឲ្យ IKEA អាចបង្កើតបានដល់ទៅ ៤៧៩ កន្លែង នៅក្នុង ៦៣ ប្រទេស។ បច្ចុប្បន្ននេះ ក្លាយជាក្រុមហ៊ុនគ្រឿងសង្ហារឹមដ៏ធំបំផុតមួយនៅលើពិភពលោក។




