Gong Cha ជាហាងតែគុជដ៏ពេញនិយមមួយបានបង្កើតឡើងនៅទីក្រុង Kaohsiung នៃប្រទេស ឬកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៦។ ចំណែកស្ថាបនិកម៉ាកយីហោមួយនេះគឺលោក Wu Zhenhua ដែលស្គាល់ឈ្មោះ តែមិនមានពត៌មានបញ្ជាក់ច្បាស់ៗពីលោកនោះឡើយ។
បើតាមគេហទំព័ររបស់ Gong Cha ផ្ទាល់ នៅឆ្នាំ ១៩៩៦ លោក Wu បានបើកជាហាងតែមួយកន្លែងនៅតៃវ៉ាន់។ បន្ទាប់ពីកំណើនភ្ញៀវកាន់តែច្រើន ទើបធ្វើឲ្យមានការសម្រេចចិត្តពង្រីកហាង និងរៀបចំរូបមន្តតេស្តសាកយ៉ាងល្អិតល្អន់ រហូតដល់ទៅ ២៣០០០ដង ដើម្បីច្បាស់ថាគ្រប់សាខាដែលបានបើកត្រូវតែមានរសជាតិដូចគ្នាទាំងអស់។ រីឯនៅឆ្នាំ ២០០៦ Gong Cha ក៏បើកដំណើរការជាផ្លូវការនៅទីក្រុង Kaohsiung រួមទាំងបានពង្រីកទៅកាន់កន្លែងផ្សេងៗទៀតនៅតៃវ៉ាន់។

បើនិយាយពីការបើកអាជីវកម្មពិតណាស់ ការផ្សព្វផ្សាយគឺសំខាន់។ ប៉ុន្តែសម្រាប់ Gong Cha ភាពជោគជ័យរបស់គេ គឺមិនបានទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មច្រើននោះទេ ព្រោះហាងតែគុជមួយនេះពឹងផ្អែកលើការនិយាយតគ្នាពីមួយទៅមួយ របស់ភ្ញៀវដែលបានមកសាកភេសជ្ជៈផ្ទាល់ ជាហេតុធ្វើឲ្យពួកគេខ្វល់ខ្វាយនិងផ្តោតទៅលើរសជាតិ និងគុណភាពជាចម្បង។

នៅឆ្នាំ ២០០៩ Gong Cha បានពង្រីកខ្លួនចូលទៅទីផ្សាររបស់ហុងកុង បានធ្វើឲ្យប្រជាប្រិយភាពរបស់ម៉ាកយីហោមួយនេះគឺកាន់តែស្ទុះឡើង ជាពិសេសទៅកាន់ទីផ្សារអាសុី ចំណែកប្រទេសហ្វីលីពីនគឺជាទីផ្សារបន្ទាប់របស់ពួកគេ។ នៅក្នុងឆ្នាំ ២០១១ វិញ ក៏បានពង្រីកទៅកាន់ប្រទេសកូរ៉េ មានការចែកចាយដល់ទៅ ២៥០កន្លែងទូទាំងប្រទេស ដែលបានធ្វើឲ្យកេរ្តិ៍ឈ្មោះ Gong Cha រីកសាយភាយម្តងទៀតដល់ប្រទេសផ្សេងៗជុំវិញពិភពលោក។

ជាក់ស្តែង ហាងមួយក្នុងប្រទេសជប៉ុនលក់បានដល់ទៅ ៣០០០ កែវក្នុងមួយថ្ងៃ ចំណែកប្រទេសវៀតណាមវិញលក់បាន ៤០០០ កែវត្រឹមពេលមួយថ្ងៃដូចគ្នា។ ទោះបីជាមានការបង្កើត និងពង្រីកទៅកាន់កន្លែងជាច្រើនឥតឈប់ឈរក៏ពិតមែន តែពួកគេនៅតែរក្សាគុណភាព ជាមួយនឹងបង្កើតរសជាតិថ្មីៗបន្ថែមទៀត។

បច្ចុប្បន្ននេះ Gong Cha អាចពង្រីកបានទៅកាន់ ២៩ប្រទេស ជាមួយនឹងហាងជាង ២១០០ កន្លែងកំពុងដំណើរការ។ ចំណែកចំណុចមួយដែលទទួលបានពីម៉ាកយីហោនេះ គឺការរក្សាគុណភាព និងរសជាតិឲ្យបានល្អ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាកេរ្តិ៍ឈ្មោះម៉ាកយីហោឬអាជីវកម្មរបស់យើង និងមួយទៀតក៏អាចជួយរក្សាអតិថិជនបានផងដែរ។




