Canva ជាក្រុមហ៊ុន Graphic Design Software មួយ ដែលមានអ្នកស្គាល់ និងអ្នកប្រើប្រាស់រាប់លាននាក់ជុំវិញពិភពលោក ត្រូវបានបង្កើតឡើងដោយ Melanie Perkins, Cliff Obrecht, និង Cameron Adams បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ២០១៣។

Melanie បច្ចុប្បន្នជា CEO មានគំនិតក្នុងការបង្កើតកម្មវិធីនេះតាំងពីអាយុ ១៩ឆ្នាំ អំឡុងពេលកំពុងបន្តការសិក្សាថ្នាក់សកលវិទ្យាល័យ។ មូលហេតុដែល Canva ត្រូវបានបង្កើតឡើង ព្រោះតែកម្មវិធីឌីហ្សាញមានការស្មុគស្មាញ និងពិបាកក្នុងការប្រើប្រាស់។ ទើបធ្វើឲ្យ Melanie បង្កើតនូវកម្មវិធីដែលមានរបៀបប្រើប្រាស់ងាយស្រួល និងជាតម្រូវការល្អមួយ។

នៅឆ្នាំ ២០០៧ Melanie និង Cliff ចាប់ផ្តើមបង្កើតគេហទំព័រមួយឈ្មោះថា Fusion Books សម្រាប់ឌីហ្សាញ និងរៀបចំសៀវភៅប្រចាំឆ្នាំសម្រាប់សិស្ស និងសាលាផ្សេងៗ។ មិនយូរប៉ុន្មានគេហទំព័រមួយនេះ ត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់សាលារៀននៅប្រទេសអូស្រ្តាលី។

បន្ទាប់ពីទទួលបានលទ្ធផលល្អហើយនោះ អ្នកទាំងពីរចាប់ផ្តើមរៀបផែនការដើម្បីស្វែងរកអ្នកវិនិយោគលើគម្រោង Canva។ Melanie និង Cliff បានជួបជជែកជាមួយអ្នកវិនិយោគជាង ១០០នាក់ ប៉ុន្តែត្រូវបានបដិសេធទាំងអស់។ នៅក្នុងឆ្នាំ ២០១១ ពួកគេក៏បានចូលរួមកម្មវិធីប្រកួត startup មួយ ដែលជាឪកាសសម្រាប់ Melanie បានជួបជាមួយវិនិយោគិនល្បីម្នាក់គឺ លោក Bill Tai។ លោកជាអ្នកទីមួយ ដែលចាប់អារម្មណ៍គំនិតរបស់កម្មវិធី Canva ថែមទាំងណែនាំទៅកាន់វិនិយោគិនដទៃទៀត។

ទីបំផុត Canva ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ ២០១៣។ រយៈពេលមួយឆ្នាំដំបូង គឺមានអ្នកប្រើប្រាស់ដល់ទៅ ៧៥មុឺននាក់ និងកើនដល់ ៦លាននាក់ក្នុងពេល ២ឆ្នាំ។ ជាកម្មវិធីឌីហ្សាញដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោកជាមួយនឹងមុខងារច្រើនសម្បូរបែប បូករួមទាំងវិធីប្រើប្រាស់មានភាពងាយស្រួល អ្នកដែលមិនមានបទពិសោធន៍ឌីហ្សាញក៏អាចប្រើបាន ដែលជាចំណុចខ្លាំងអាចនាំឲ្យ Canva មានសន្ទុះការគាំទ្រច្រើន មានអ្នកប្រើប្រាស់រហូតដល់ទៅ ២៣០លាននាក់ ត្រឹមពាក់កណ្តាលឆ្នាំ២០២៥។

មេរៀនដែលយើងអាចទទួលបានពី Canva នោះគឺ បើមានគំនិតល្អច្បាស់លាស់ហើយ ត្រូវតែមានឆន្ទះក្នុងការបង្កើតវាឲ្យចេញជារូបរាង។ មិនចម្លែកទេដែលគំនិតយើងត្រូវបានបដិសេធពីអ្នកមួយចំនួន តែសំខាន់យើងប្រកាន់ខ្ជាប់គោលគំនិតរបស់ខ្លួន និងមិនត្រូវបោះបង់ដោយសារគំនិតអ្នកដទៃនោះទេ។

 
		


