ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង LG Electronics គ្រោងនឹងប្រើប្រាស់រោងចក្រផលិតកម្មស្មាតហ្វូនរបស់ខ្លួន នៅក្នុងទីក្រុង Hai Phong វៀតណាម ដើម្បីផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជំនួសវិញ។
ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីបានដកខ្លួនចេញពីទីផ្សារស្មាតហ្វូន ហើយមិនអាចស្វែងរកអ្នកទិញរោងចក្ររបស់ខ្លួនបាន។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុននឹងបញ្ចប់ការកែប្រែរោងចក្រនៅក្នុងឆ្នាំនេះ និងផ្លាស់ប្តូរទីលំនៅដល់កម្មករដែលរងផលប៉ះពាល់។ រោងចក្រនេះមានកម្មករស្នាក់នៅ ជាង ១៦ ០០០ នាក់នាពេលបច្ចុប្បន្ន។
លោក Jung Hai-jin ប្រធានក្រុមហ៊ុន LG Electronics ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា “ការចាកចេញពីការផលិតស្មាតហ្វូន គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន LG ក្នុងការរៀបចំរចនាសម្ព័ន្ធផលិតផលស្នូលរបស់យើងឡើងវិញ”។
លោក Hai-jin ក៏បានបញ្ជាក់ផងដែរថា ការបិទអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន LG នឹងមិនប៉ះពាល់ដល់ផលិតកម្ម, សកម្មភាពអាជីវកម្ម ឬនិយោជិករបស់ក្រុមហ៊ុន LG នៅទីក្រុង Hai Phong នោះទេ៕