ការលក់រថយន្តរបស់ Lamborghini កំពុងតែមានការកើនឡើង ខណៈពេលដែលក្រុមហ៊ុនបានប្រកាសពីការលក់នៅត្រីមាសដំបូង ក្នុងឆ្នាំ២០២១ នេះ។
យោងតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីខាងលើ បានចែកចាយរថយន្តសរុបចំនួន ២ ៤២២ គ្រឿង ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ គឺកើនឡើង ២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ និង ២២ ភាគរយច្រើនជាងត្រីមាសទី ១ នៃឆ្នាំ ២០១៩ ហើយវាគឺជាត្រីមាសល្អបំផុតទី ២ របស់ពួកគេ។
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន លោក Stephan Winkelmann បានមានប្រសាសន៍ថា “Lamborghini នៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារយ៉ាងខ្លាំង ទោះបីមានបញ្ហាប្រឈម និងភាពមិនប្រាកដប្រជានៃទីផ្សារកំពុងបន្តក៏ដោយ”។
គួរឲ្យដឹងថា Urus នៅតែជាម៉ូដែលរថយន្តលក់ដាច់បំផុតរបស់ Lamborghini រហូតមកដល់ពេលនេះ។ ក្រុមហ៊ុនបានលក់រថយន្តប្រភេទ SUV ស៊េរីទំនើបខាងលើ ចំនួន ១ ៣៨២ គ្រឿង ដែលតាមពីក្រោយដោយ ម៉ូដែល Huracan សរុបមានចំនួន ៧៥៣ គ្រឿង។ ដោយឡែក រថយន្ត Aventador វិញ លក់ដាច់បានត្រឹមចំនួន ២៨៧ គ្រឿងប៉ុណ្ណោះ៕