[បរទេស] បន្ទាប់ពីរងចាំអស់រយះពេលជាយូរមក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Lamborghini Temerario ប្រភេទកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ២៩០ ០០០ ដុល្លារ ហើយគ្រោងចេញលក់ជាផ្លូវការនៅឆ្នាំក្រោយ។
រថយន្តទំនើបនេះ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ twin-turbocharged V8 និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៩០៧ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣,៨ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខ Dual-clutch ៨ វគ្គថ្មី អាចបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលតិចជាង ២,៧ វិនាទី និងមានល្បឿនអតិបរមា ៣៤២ គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត Lamborghini Temerario ទទួលបានការរចនាវែងជាង Huracán ចំនួន ៥ អ៊ីញ ដែលផ្នែកខាងមុខជា Carbon-fiber ទាំងអស់ មានការរចនាជ្រែកខ្យល់ Aerodynamic អបជាមួយចង្កៀងមុខប្រភេទ LED រាងស្លីមចាំងផ្លេក ចំណែកផ្នែកខាងក្រោយបំពាក់ជាមួយចង្កៀងក្រោយប្រភេទ LED រាងអក្សរ O ខណៈផ្នែកចំហៀងបំពាក់ដោយថាសកង់ស្ព័រទំហំ ២០អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងជាមួយពណ៌ខ្មៅលេចធ្លោជាមួយនឹងពណ៌ទឹកក្រូច(អាស្រ័យតាមពណ៌ជម្រើស)។ លើសពីនេះ រថយន្តនេះ ទទួលបានអេក្រង់ចំនួន ៣ រួមមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្តទំហំ ៩,១ អ៊ីញ អេក្រង់បញ្ជាព៌ត័មានទំហំ ៤,៤ អ៊ីញ និងកៅអីស្ព័រជាដើម៕