ថ្មីៗនេះ ក្របខណ្ឌបាល់ទាត់ English Premier League គ្រោងនឹងធ្វើបដិវត្តន៍ថ្មីជាមួយនឹងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Genius Sports ដើម្បីជាជំនួយបន្ថែមសម្រាប់ការគ្រប់គ្រងត្រួតពិនិត្យ ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលឲមានភាពត្រឹមត្រូវជាងមុន បន្ទាប់ពីប្រព័ន្ធវីដេអូជំនួយការរបស់អាជ្ញាកណ្តាល Video Assistant Referee (VAR) បានប្រឈមមុខនឹងការរិះគន់ចំពោះការត្រួតពិនិត្យយឺតយ៉ាវ និងការសម្រេចចិត្តមិនស៊ីសង្វាក់គ្នា ដែលនាំឱ្យមានការផ្លាស់ប្តូរថ្មីនេះ។
ប្រព័ន្ធនេះ ត្រូវបានគេស្គាល់ថាជា Semi-Assisted Offside Technology (SAOT) ដែលប្រើប្រាស់ទូរស័ព្ទ iPhone ចំនួន ២៨គ្រឿង នៅជុំវិញទីលានដើម្បីចាប់យកទិន្នន័យរបស់កីឡាករ។ ទូរស័ព្ទ iPhone ទាំងនេះ ក្លាយជាឧបករណ៏ជំនួសកាមេរ៉ា 4K ដែលមានតម្លៃថ្លៃ ដើម្បីបង្កើតជារូប 3D របស់កីឡាករម្នាក់ៗ រួមជាមួយប្រមូលទិន្នន័យពិន្ទុ រួចហើយប្រព័ន្ធ GeniusIQ នឹងដំណើរការទិន្នន័យទាំងនេះដើម្បីផ្តល់នូវការសម្រេចចិត្តមួយថា ខុសឆ្គង ឫក៏ត្រឹមត្រូវ ទោះបីជាទិដ្ឋភាពមួយនោះត្រូវបានបិទបាំងក៏ដោយ។
វិធីសាស្រ្តថ្មីនេះ មានគោលបំណងដោះស្រាយការរិះគន់នៃប្រព័ន្ធវីដេអូជំនួយការរបស់អាជ្ញាកណ្តាល VAR ដែលបានប្រឈមមុខនឹងបញ្ហាត្រួតពិនិត្យយឺតយ៉ាវ និងការសម្រេចចិត្តមិនជាប់លាប់។ បច្ចេកវិទ្យានេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តយ៉ាងពេញលេញនៅចុងឆ្នាំនេះ ដោយសន្យាថានឹងមានវិធីសាស្ត្រច្បាស់លាស់ និងភាពស៊ីសង្វាក់គ្នាបន្ថែមទៀតសម្រាប់អនុវត្តក្នុងប្រព័ន្ធកីឡាបាល់ទាត់អង់គ្លេស៕