ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លីម៉ង់ Mercedes-Benz បានប្រកាសសហការណ៏គ្នាជាមួយអង្គភាព ByteDance ដែលជាមេធំរបស់ TikTok ដើម្បីប្រតិបត្តិការដាក់បញ្ជូលមុខងារ AI សម្រាប់ប្រើប្រាស់ជាបណ្តាញបច្ចេកវិទ្យាស្នូលក្នុងរថយន្តខ្លួន។
មុខងារ AI របស់អង្គភាព ByteDance គឺ Large Language Models (LLMs) ដែលជាបច្ចេកវិទ្យាដែលមានលក្ខណៈស្រដៀងគ្នានឹង ChatGPT សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធរថយន្ត Mercedes-Benz នៅក្នុងប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញកាលពីថ្ងៃអង្គាររវាងភាគីទាំងពីរ។
បើយោងតាមលោក Wang Xin អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាល្លឺម៉ង់របស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនកំពុងនឹងបង្កើនការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួននៅក្នុងប្រទេសចិន ហើយខ្លួននឹងបន្តអភិវឌ្ឍន៏កិច្ចសហប្រតិបត្តិការនេះបន្តទៀត។
គួរឲដឹងថា កិច្ចព្រមព្រៀងនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានទទួលការយល់ព្រមពីមន្រ្តីរបស់ទីក្រុងប៉េកាំងដើម្បីធ្វើការធ្វើតេស្តប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យភាពកម្រិតទី៤ របស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះដែល អង្គភាព ByteDance បានប្រកាសថា សម្ព័ន្ធភាពប្រព័ន្ធអេកូឡូស៊ីរថយន្ត LLM របស់ខ្លួនត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតរថយន្តជាង ២០ រួមទាំងក្រុមហ៊ុនក្នុងស្រុក Geely និង Great Wall Motor ជាដើម៕