កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG Sales (Thailand) បានប្រកាសថា ពួកគេនឹងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន SAIC Motor-CP ដើម្បីផលិតរថយន្ត HEVs (Hybrid Electric Vehicles) នៅទីក្រុងឈុនបុរី ប្រទេសថៃ នៅឆ្នាំ២០២៥។
បើយោងតាមលោក Pongsak Lertruedeewattanavong អនុប្រធានក្រុមហ៊ុន MG Sales (Thailand) បាននិយាយថា ក្រុមហ៊ុន MG កំពុងស្វែងរកបទពិសោធថ្មីនៅក្នុងទីផ្សារក្នុងស្រុកថៃជាមួយការផលិត និងការចែកចាយរថយន្ត HEV បន្ថែមពីលើនេះទៀតលោកបាននិយាយថា ខ្លួនកំពុងពិចារណាលើថវិកាវិនិយោគសម្រាប់គម្រោងផលិតកម្ម HEV នេះតែប្រហែលមិនតិចជាង ៨៤លានដុល្លារទេ បើតាមច្បាប់ដែលចែងដោយរដ្ឋាភិបាលរបស់ប្រទេសថៃ។ លើពីនេះ ចំពោះការផលិតរថយន្ត HEV នេះនឹងប្រើប្រាស់នូវគ្រឿងបន្លាស់រថយន្តក្នុងស្រុកថៃផ្ទាល់ប្រមាណ ៤០ភាគរយ។
ជំរាបថា ការលក់រថយន្ត HEV នៅក្នុងទីផ្សារក្នុងស្រុកថៃបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ ទោះបីជាទីផ្សាររថយន្តទាំងមូលធ្លាក់ចុះក៏ដោយ។ បើយោងតាមសហព័ន្ធឧស្សាហកម្មថៃបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា ការលក់រថយន្ត HEVs បានកើនឡើង ៦៩,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរឲដឹងថា ក្រុមហ៊ុន MG ជាក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងគេដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលមានសក្ដានុពលបំផុតនៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសថៃ ដោយបានចាយប្រាក់វិនិយោគប្រមាណ ៨៤០លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
គួរបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុន MG នៅឈុនបុរីមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១០មុឺនគ្រឿង រួមទាំងអាគុយ និងរថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង។ លើសពីនេះ ពួកគេបានរំពឹងថាការលក់រថយន្តសរុបនៅក្នុងប្រទេសថៃនឹងកើនឡើងដល់ ៦៥មុឺនគ្រឿងនៅក្នុងឆ្នាំនេះ៕