ការពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Lamborghini Revuelto ថ្មី “Opera Unica” នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលជារថយន្តដ៏ពិសេសដែលត្រូវបានបង្កើតឡើងសម្រាប់កម្មវិធី Lamborghini Ad Personam។
ចំពោះរថយន្ត Lamborghini Revuelto “Opera Unica” នេះ ត្រូវបានរចនារូបរាងផ្នែកខាងក្រៅដោយដោយដៃផ្ទាល់ ដើម្បីបង្កើតស្រមោលពណ៌ក្រហម ទឹកក្រូច និងខ្មៅ ដែលមានរយៈពេលប្រមាណ ៤៨០ ម៉ោងក្នុងការបញ្ចប់ការងារនេះ។ ក្នុងនោះ ការរចនាខាងក្រៅនេះ ត្រូវបានបំផុសគំនិតពីរូបរាងអណ្តាតភ្លើង។
សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តនេះ ត្រូវបានត្រូវចាយពេលរចនាបន្ថែមចំនួន ៥៣ម៉ោង ដើម្បីបង្កើតការច្នៃប្រឌិតថ្មីៗដោយប្រើប្រាស់នូវស្បែក និងស្រោមពូក Corsatex ពណ៌ Nero Ade (ខ្មៅ) ជាមួយពណ៌ក្រហម Rosso Efesto ដេរត្រឡប់គ្នា ក៏ដូចជាឡូហ្គូល Opera Unica ដែលផលិតពីសរសៃកាបូននៅចន្លោះកៅអីទាំងពីរ។
ទាក់ទងទៅនេងផ្នែកម៉ាសុីនវិញ Revuelto Opera Unica ដំណើរការដោយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុបចំនួន ១ ០០១ សេះ និងអាចជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕